(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានដឹកនាំសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៧-២០២២)របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំគោកត្រប់ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណបក្សឃុំ គណៈសាខាភូមិ និងក្រុមការងារចុះជួយពង្រឹងឃុំគោកត្រប់ សរុបចំនួន១១៥នាក់។

អង្គសន្និបាតគណៈកម្មាធិការគណបក្សឃុំគោកត្រប់ ប្រព្រឹត្តទៅដោយការស្តាប់ និងពិនិត្យពិភាក្សាលើរបាយការណ៍បូកសរុប វាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់គណបក្សឃុំគោកត្រប់ ដែលសម្រេចបាននាឆ្នាំ២០១៧-២០២២ និងទិសដៅការងារបន្ត ព្រមទាំងពិនិត្យសម្រេចលើគោលនយោបាយរបស់គណបក្ស សម្រាប់ការអភិវឌ្ឍឃុំឆ្នាំ២០២២- ២០២៧ និងបានឧទ្ទេសនាមសមាសភាពបេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដោយលោក គង់ បឿន ប្រធានគណបក្សឃុំគោកត្រប់។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនាពេលនោះ លោក ម៉ម ប៊ុននាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាគណបក្សឃុំគោកត្រប់ទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងធ្វើការអភិវឌ្ឍភូមិ ឃុំ បានយ៉ាងល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍឃុំឆ្នាំ២០១៧-២០២២។ ជាក់ស្តែង ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានជីវភាពធូរធា ហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លទ្ធផលនៃការអភិឌ្ឍដ៏ប្រសើរនេះ កើតចេញពីការដឹកនាំប្រកបដោយគតិ-បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ពេញចិត្ត និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាយើង។

ទន្ទឹមនឹងនោះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសមាជិកគណបក្សទាំងអស់ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផងដែរ។

លោក ម៉ម ប៊ុននាង បានជម្រាបជូនអង្គសន្និបាត អំពីលទ្ធផលសំខាន់ៗ នៃសន្និបាតរបស់គណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន ជាអាទិ៍ អង្គសន្និបាតបានបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង បានអំពាវនាវដល់គណៈកម្មាធិការគណបក្សឃុំ គ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរ ផ្តល់នូវសេវារហ័សទាន់ចិត្ត ត្រូវចិត្ត និងពេញចិត្តជូនប្រជាជន ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំ ព្រមទាំងខិតខំរក្សាសមិទ្ធផលនៃការអភិវឌ្ឍនាពេលកន្លងមក និងបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សប្រជាជនយើង ឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនយើង។

បន្ថែមពីលើនេះ លោកក៏បានក្រើនរំលឹកសមាជិកអង្គសន្និបាត និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ ពិសេសយើងត្រូវរួមគ្នាកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម កុំបីខាន៕