(បាត់ដំបង)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទឺ២ នៃស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំកន្ទឺ២ អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងដាក់ចេញនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការអភិវឌ្ឍឃុំកន្ទឺ២ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧។

សន្និបាទខាងលើនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក សុខ វាសនា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទឺ២ លោក ឈាន តឿន ប្រធានគណៈកម្មាធិការគណបក្សស្រុកបាណន់ លោក ឡុច រ៉េត អភិបាលរងស្រុកបាណន់ លោក សុវណ្ណ គឹមហាក់ អនុប្រធានទី១ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកន្ទឺ២ លោក ជូ ស្រេង អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកន្ទឺ២ លោក លី សុខគួង អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកន្ទឺ២ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសរុបចំនួន៣៥៧នាក់។

លោក សុខ វាសនា ប្រធានគណៈអធិបតី បានអានសុន្ទរកថា បើកអង្គសន្និបាត ដោយបានថ្លែងថាសន្និបាតថ្ងៃនេះគឺអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមានគោលបំណងធំៗ ៣គឺ៖

ទី១៖ បូកសរុបនូវលទ្ធផលការងារសម្រេចបានដឹកនាំដោយគណបក្សឃុំ-សង្កាត់លើសកម្មភាពការងារគ្រប់វិស័យនៅក្នុងមូលដ្ឋានឃុំ-សង្កាត់របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ឆ្លុះបញ្ចាំងឲ្យឃើញនូវចំណុចខ្លាំង ចំណុចប្រឈម និងស្រង់មេរៀនបទពិសោធន៍ ដើម្បីរៀបចំយុទ្ធសាស្ត្រដណ្តើមឲ្យបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។

ទី២៖ ផ្សព្វផ្សាយឲ្យសមាជិកគណបក្ស និងប្រជាជនក្នុងឃុំកន្ទឺ២ទាំងអស់បានយល់ជ្រាបនូវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ និងប្តេជ្ញាអនុវត្តឲ្យបានជោគជ័យ។

ទី៣៖ បង្ហាញមុខដំបូងនៃបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្ស ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

លោក សុខ វាសនា ក៏បានដឹកនាំ និងសម្របសម្រួលកិច្ចដំណើរការនៃការពិភាក្សាផ្តល់យោបល់របស់សមាជិក-សមាជិកាអង្គសន្និបាតលើសេចក្តីព្រាងរបាយការណ៍បូកសរុបវាយតម្លៃការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍ ឆ្នាំ២០១៧-២០២២ និងទិសដៅភារកិច្ចអនុវត្តបន្ត ព្រមទាំងសេចក្តីព្រាងគោលនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំកន្ទឺ២ ឆ្នាំ២០២២-២០២៧ ផងដែរ។

នាឱកាសនោះ លោក សឿន ម៉ត ប្រធានគណៈកម្មាធិការគណបក្សឃុំកន្ទឺ២ បានឡើងអានសេចក្តីព្រាងរបាយការណ៍បូកសរុប វាយតម្លៃការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍចាប់ពីឆ្នាំ២០១៧-២០២២ និងទិសដៅរបស់គណបក្សសម្រាប់អនុវត្តបន្ត។

បន្ទាប់ពីមកមលោកស្រី ឈីន គឹមឈីត សមាជិកាគណៈកម្មាធិការគណបក្សឃុំកន្ទឺ២ ក៏បានឡើងអានកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំកន្ទឺ២ អណត្តិទី៥ ឆ្នាំ២០២២-២០២៧៕

'