(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានីខេត្ត ស្វាយរៀង ចុះផ្សព្វផ្សាយអប់រំជូនដល់ ប្រជាពលរដ្ឋ ៣៦គ្រួសារ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារទប់ស្កាត់ជំងឺកូវីដ១៩ និងចែកជូនថ្នាំពេទ្យម៉ាស់ ជែលអាកុល ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ តហ៊ុន ម៉ានី។

សកម្មភាពផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

លោក កែរ រដ្ឋា បានថ្លែងបន្តថា ដោយមានការណែនាំ ពីសំណាក់លោកស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តស្វាយរៀង បាន សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន២០នាក់ ក្រុមយុវជន ស.ស.យ.ក ៥នាក់ និងក្រុមប្រឹក្សាសង្កាត់ស្វាយរៀងហេីយ និងមេភូមិវាលយន្ត ចំនួន១០នាក់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដេីម្បីឲ្យពួកគាត់អនុវត្តមុឹងម៉ាត់នូវវិធានការក្នុងការបង្ការទប់ស្កាត់កុំឲ្យឆ្លង រីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។

លោកបានបន្តថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គម្លាតសង្គម គម្លាតបុគ្គល និងរស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

លោក កែរ រដ្ឋា បានបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ បំលែងថ្មីប្រភេទអូមីក្រុង ហេតុដូច្នេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តឲ្យបាននូវវិធាន៣កុំ និង៣ការពារ។

លោកបានបញ្ជាក់ថាការស្រុតចុះយ៉ាងគំហុកនៃជំងឺកូវីដ១៩ សឹងតែរលាយសាបសូន្យពីខេត្តស្វាយរៀងនេះ គឺដោយសារតែការខិតខំប្រឹងប្រែងរបសរបស់លោកប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងមានការចង្អុលបង្ហាញនិងឧបត្ថម្ភគាំទ្រពីលោកស្រីកិត្តិសង្កិហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងហើយ និងមានការឧបត្ថម្ភគាំទ្រពីគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕