(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានថ្លែង អំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគឺ «៣កុំ និង៣ការពារ» ដើម្បី ការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩។

ការថ្លែងរបស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បែបនេះបានធ្វើឡើងនៅពេលដែលលោកតំណាង លោក ម៉ែន វិបុលអភិបាលខេត្ត ក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យស្វាយរៀងតែមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នគ្រូនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក តូច ប៉ូលីវ៉ា បានបន្ដថា សូមអរគុណសន្តិភាព និងអរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជាមគ្គទេសក៍ឆ្លាតវាងវៃនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ហើយយើងទាំងអស់គ្នាត្រូវការពារសន្តិភាពនេះ ឲ្យបានគង់វង្សជានិរន្ត គឺមិនឲ្យជនណាម្នាក់បំផ្លាញបានឡើយ។

លោកបានបន្តថា សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង គឺជាវិទ្យាល័យគំរូមួយ ក្នុងខេត្ត ដែលមានការរៀបចំរបៀបរៀបរយក្នុងសាលាបានល្អប្រសើរទាំងការងារបរិស្ថាន fនិងអនាម័យ ជាពិសេស មានសួនច្បារ តារាងបាល់ទាត់ បាល់ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងសាលាដោយទាំងនេះ ជាការខិតខំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រពីថ្នាក់ដឹកនាំផងដែរ។

លោកបានបញ្ជាក់ថាសិស្សានុសិស្សនៅផ្ទះត្រូវគោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាដែលជាស្ពានចម្លងឲ្យមានអនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំប្រកបដោយចំណេះនិងជំនាញពិតប្រាកដ។

លោកបានបន្ថែមថា លោកគ្រូ អ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការទៅអាណាព្យាបាលអប់រំកូនៗឲ្យបានល្អ ជៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ព្រោះក្មេងៗ ចាត់ទុកបានដូចជាក្រណាត់សមួយដុំដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំងអំពើមិនល្អ និងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ៕