(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីខេត្តត្បូងឃ្មុំ ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលផ្លែផ្កាដ៏ល្អប្រពៃ ដែលកើតចេញពីជំនួបរវាងមេដឹកនាំកម្ពុជា និងលោក មីន អោងឡាំង។ ហើយជំនួបពិសេសនេះ ពិតជាបានផ្តល់នូវមោទកភាព សម្រាប់ជាតិកម្ពុជា និងអាស៊ានទាំងមូល។

ការថ្លែងរបស់លោកបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំបែបនេះ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ ស្ថិតនៅក្នុងនៅបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ ក៏មានការចូលរួមពី អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន-អនុ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ ១០៣៨នាក់។

នៅក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងឱកាសបើកបវេសនកាល ឆ្នាំ២០២១-២០២២ ព្រមទាំងបានចែកអំណោយដល់លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ជាការលើកទឹកចិត្តក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះគ្រូបង្រៀន និងតំណាងសិស្សានុសិស្សផងដែរ។

ក្រៅពីអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លោកបណ្ឌិតបានថ្លែងអបអរសាទរផងដែរថា «ក្នុងនាមខ្ញុំជាយុវជនមួយរូបដែលធ្លាប់រស់នៅ ក្នុងរបបវាលពិឃាតដ៏ខ្មៅងងឹត ក្នុងសង្គ្រាមដ៏រុំារ៉ៃរាប់ទសវត្សរ៍ ពិតជាស្អប់ខ្ពើមណាស់ចំពោះសង្រ្គាម» ដូច្នេះទស្សនកិច្ចរបស់ ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិ គឺជាសកម្មភាពដ៏ប្រពៃណាស់ ក្នុងនាមប្រធានអាស៊ានផងដែរ ហើយជំនួបរវាងមេដឹកនាំទាំងពីរឈានរហូតដល់ មេដឹកនាំមីយ៉ាន់ម៉ា សម្រេចប្រកាសពីបទឈប់បាញ់គ្នា និងបើកឲ្យអង្គការនានា ផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាជន។

លោកបណ្ឌិតអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «លទ្ធផលផ្លែផ្កាដ៏ល្អប្រពៃដែលកើតចេញពីជំនួបរវាងមេដឹកនាំកម្ពុជា និងមេដឹកនាំមីយ៉ាន់ម៉ា គឺជាការទទួលបាននូវមោទកភាព សម្រាប់ជាតិកម្ពុជាយើង និងសម្រាប់អាស៊ានទាំងមូល»។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២ កន្លងទៅថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីជួបពិភាក្សាជាមួយលោក មីន អោងឡាំង។ ជាលទ្ធផលនៃជំនួបពិសេស មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា។ ទន្ទឹមនឹងនេះ កម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។

បន្ថែមលើលទ្ធផលដ៏ល្អនេះ, លោកនាយឧត្តមសេនីយ៍ មីន អោងឡាំង បានអនុញ្ញាតឲ្យប្រេសិតពិសេសប្រធានអាស៊ាន អាចជួបជជែក និងដោះស្រាយជាមួយគ្រប់ភាគីទាំងអស់ ដែលមានជំលោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាកាយវិការមួយជួយសម្របសម្រួលឈានដល់បញ្ចប់សង្រ្គាម។

លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្ត្រីការបរទេសថៃ បានអបអរសាទរយ៉ាងខ្លាំង ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១៕