(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានថ្លែងរំលឹកទៅអតីតអគ្គលេខាធិការអាស៊ាន ដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទ ឬកុងសង់ស៉ីស របស់អាស៊ានទាំង ៥ចំណុច ចំពោះបញ្ហានៅមីយ៉ាន់ម៉ា មិនមាននិយាយពីរឿងបោះឆ្នោតនោះឡើយ។

មូលហេតុដែលសម្តេចថ្លែងរំលឹកបែបនេះ ដោយសារតែលោក អុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ាន បានថ្លែងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រមុខ របបយោធាមីយ៉ាន់ម៉ា បង្ហាញពីការបែកបាក់កាន់តែខ្លាំងឡើងក្នុងតំបន់អាស៊ាន។ អ្នកការទូតជើងចាស់ សញ្ជាតិសិង្ហបូរី ក៏បានលើកឡើងថា ជំនួបនោះគួរតែមាននិយាយពីការជំរុញ ឲ្យមានការរៀបចំការបោះឆ្នោត នៅមីយ៉ាន់ម៉ា និងការប្រគល់អំណាចដល់អ្នកឈ្នះឆ្នោតវិញ តាមបែបប្រជាធិបតេយ្យ។

ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន សែន, ផែនទីចង្អុលផ្លូវរបស់មីយ៉ាន់ម៉ា ទើបមានការកំណត់ពីកាលបរិច្ឆេទការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣។ ថ្លែងពេលសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រធានអាស៊ាន ឆ្នាំ២០២២ បញ្ជាក់ទៀតថា គោលការណ៍កុងសង់ស៉ីស ៥ចំណុចរបស់អាស៊ាន អត់មាននិយាយពីការបោះឆ្នោតទេ។

ក្នុងន័យប្រដៅលោក អុង កេងយ៉ុង, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «អញ្ចឹងអ្វីដែលយើងចងភ្ជាប់ គឺសម្តៅគាំទ្រឲ្យមានការបោះឆ្នោត។ កុងសង់ស៉ីស ៥ចំណុច របស់អាស៊ានអត់មាននិយាយពីការបោះឆ្នោតទេ ប៉ុន្តែដំណោះស្រាយមួយ យើងចង់ញ្ចប់ដោយការបោះឆ្នោតនោះឯង។ ខ្ញុំឃើញហើយ លោក អុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ាន ដែលជាមន្ត្រីការទូតរបស់សិង្ហបូរី បានចេញមកនិយាយ [រឿងកុងសង់ស៉ីស] ។ ខ្ញុំចង់និយាយទៅឯកឧត្តម សូមឯកឧត្តមមើល កុងសង់ស៉ីស ៥ចំណុច»

វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពី លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី ក្រោយលទ្ធផលបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២១។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលឥណ្ឌូនេស៉ី ធ្វើជាប្រធានអាស៊ាន ក្រោយគោលការណ៍កុងសង់ស៉ីស ៥ចំណុច មិនត្រូវបានអនុវត្ត ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា នាសប្តាហ៍មុននេះ ធ្វើឲ្យវឌ្ឍនភាពនៃគោលការណ៍កុងសង់ស៉ីស ៥ចំណុច ចាប់ផ្តើមកើតមាន។

មុនទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា មិននិយាយអ្វីលើសពីគោលការណ៍កុងសង់ស៉ីស ៥ចំណុចនោះដែរ ហើយគោលការណ៍ទាំងនេះ និងធម្មនុញ្ញអាស៊ាន គឺជាគម្ពីរក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

បើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាង ភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

លោក អុង កេងយ៉ុង បានលើកយកបញ្ហាជាមួយសេចក្តីថ្លែងការណ៍នោះ មកនិយាយថា «ការអនុវត្តកុងសង់ស៉ីស ៥ចំណុច "គួរតែបំពេញបន្ថែម" ទៅនឹងគោលនយោបាយរបស់របបយោធាមីយ៉ាន់ម៉ា ហៅថា ផែនទីផ្លូវប្រាំចំណុច ដែលរួមមានការសន្យានៃ "ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស" និងការប្រគល់អំណាច លើកាតព្វកិច្ចរដ្ឋចំពោះគណបក្សនយោបាយឈ្នះឆ្នោត ស្របតាមស្តង់ដារប្រជាធិបតេយ្យ»

លោក អុង កេងយ៉ុង ដែលបានធ្វើជាអគ្គលេខាធិការអាស៊ាន ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ក៏បានមើលងាយពីសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក មីន អោងឡាំង ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍ដែលបានចេញ គឺពោរពេញដោយពាក្យសម្ដី ប៉ុន្តែគ្មានអ្វីសំខាន់ក្នុងការដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ានោះទេ។

ការថ្លែងរបស់លោក អុង កេងយ៉ុង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាជនជាតិមួយក្នុងតំបន់អាស៊ាន ដែលមិនចេះអ្វីសោះ។ សម្តេចផ្ញើសារថា លោក អុង កេងយ៉ុង ជាមនុស្សដែលកើតក្នុងប្រទេស ដែលមានសន្តិភាពស្រាប់ អញ្ចឹងលោកមិនយល់ពីដំណើរការស្វែងរកសន្តិភាព នៅក្នុងប្រទេសមួយនោះទេ ហើយដោយសារតែលោកធ្លាប់ធ្វើត្រឹមតែជាអគ្គលេខាធិការអាស៊ាន ពោលមិនមែនជាប្រធានអាស៊ាន ហេតុនេះហើយលោកក៏គ្មានបទពិសោធន៍ ដោះស្រាយបញ្ហានានានោះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា «បទឈប់បាញ់ និងជំនួយមនុស្សធម៌ ជារឿងចំបាច់របស់ប្រជាជនមីយ៉ាន់។ តើមនុស្សមួយចំនួន ដែលប្រឆាំងនឹង ២ចំណុចនេះ មានសារធាតុជាមនុស្សដែរឬទេ? តើចង់ឲ្យមនុស្សរបួសដោយសារសង្រ្គាម ឬចង់ឃើញមនុស្សស្លាប់ដោយសារអត់បាយ និងថ្នាំសង្កូវមែនទេ?»