(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទើបមានអគាល្អស្អាតដូចពេលនេះ និងបរិបទបើកបវេសនកាលសិក្សាថ្មីនេះ លោកជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តអនុវត្តន៍ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ការថ្លែងបែបនេះ ខណៈលោករដ្ឋមន្រ្តី និងលោកស្រី បានអញ្ជើញបើកបវេសនកាលឆ្នាំ២០២១-២០២២ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងទៅកាន់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក្នុងវិទ្យាល័យជាចនេះ ត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល និងគណៈគ្រប់គ្រងគ្រឹះ ស្ថានមធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្នុងបរិបទកូវីដ១៩។

ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ចម្រើនដូចសព្វថ្ងៃ ទាំងអគាសិក្សា និងហេដ្ឋារចនាសម្ពន្ធជាច្រើន លោករដ្ឋមន្រ្តី បានស្នើគ្រប់សាលារៀនទាំងអស់ ត្រូវគោរពទៅតាមស្តង់ដារអនាម័យ រក្សាគម្លាតបុគ្គល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក វង សូត និងលោកស្រី ក៏បានជំរុញសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងបវេសម្សកាលថ្មីនេះ ពោលធ្វើយ៉ាងណា ក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គមជាតិ ខណៈប្រទេសជាតិយើងមានមោនកិភាព មិនថា ទីក្រុង ឬជនបទ មានអគាសិក្សាថ្មីៗ និងល្អស្អាត។

ឆ្លៀតឱកាសនោះដែរ លោករដ្ឋមន្ត្រី និងលោកស្រី ក៏បានអញ្ជើញសម្ភោធអគាទីចាត់ការមួយខ្នង ក្នុងមានសាលប្រជុំមួយបន្ទប់ បណ្ណាល័យមួយ បន្ទប់កុំព្យួទ័រមួយ និងបន្ទប់នាយក រួមទាំងហេដ្ឋារចនាសម្ពន្ធជាច្រើនទៀត ក្នុងវិទ្យាល័យជាចនេះ ដោយត្រូវចំណាយថវិកាអស់ប្រមាណជិត៣០ម៉ឺនដុល្លារ។ លោករដ្ឋមន្ត្រី និងលោកស្រី ក៏បានឧបត្ថម្ភថវិកា សម្ភារសិក្សាដល់សិស្សានុសិស្ស ដែលជាប់ចំណាត់លេខ១ដល់លេខ៥ផងដែរ៕