(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អ៉ែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស «ខ៦» និងក្រុមការងារនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធី អបអរសាទរសន្និបាតគណៈកម្មាធិការបក្សមូលដ្ឋាន និងបានជួបសំណេះសំណាលជាមួយសមាជិកបក្សប្រមាណ២០០នាក់ និងបាននាំអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនក្មេងកំព្រាអត់មានឪពុក ម្តាយចំនួន៦នាក់ ស្ថិតក្នុងបរិវេណវត្តទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងអំពីសកម្មភាពការងារ និងលទ្ធផលទទួលបានរយះពេល៥ឆ្នាំ ដែលក្រុមប្រឹក្សាឃុំសម្រេចបាននូវសមិទ្ធផលនានា ក្នុងការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍមូលដ្ឋាន និងបង្ហាញទិសដៅ ការងារសម្រាប់អាណត្តិថ្មីអមដោយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមបរិបទនៃការ អភិវឌ្ឍន៍ជាតិ និងតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក ប៊ុន វុត្ថា បានលើកឡើងថា តាំងនាមឲ្យក្រុមការងារចុះជួយឃុំទងត្រឡាច និងប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង ៧,៥០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

បន្ថែមពីនេះទៀតលោក អែល សារ៉ុម បានជម្រាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតថា ផ្លូវបេតុងនេះ កំពុងបានស្ថាបនាប្រមាណ ២,៤០០ម៉ែត្រហើយ នៅសល់ប្រមាណ៥,០០០ម៉ែត្រ មិនទាន់បានស្ថាបនានៅឡើយទេ។ លើសពីនេះទៀត ការដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ុលឡាមានជាង៦០០ដើម ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានគ្រប់ពេលគ្រប់កន្លែងផងដែរ។

នៅក្នុងឱកាសនោះលោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

លោកបានអំពាវនាវដល់បងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការ ចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

សូមបញ្ជាក់ថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនតាមរយៈ លោកឧកញ៉ា អ៊ីង ប៊ុនហូវ និងលោកស្រី រួមមាន៖ ថវិកាមួយចំនួន ផ្តល់ជូនសមាជិកបក្សប្រមាណ២០០នាក់ និងឧបត្ថមការសាងសង់ផ្ទះ ដល់កុមារកំព្រាចំនួន០១ខ្នង និង០៥ខ្នងទៀត ជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន៣គ្រឿង ឧបត្ថម្ភការស្ថាបនាផ្លូវចំនួន០៤ខ្សែ ប្រវែង៤៥០ ម៉ែត្រ ឧបត្ថម្ភ ស៊ីម៉ង់ត៍១៥តោន ដល់វត្តទងត្រឡាចសម្រាប់ចាកសាប ដែលសរុបថវិកាទាំងអស់ ប្រមាណ៤០៥,៥០០ដុល្លា បួនម៉ឺនប្រាំពាន់ប្រាំរយដុល្លា៕