(ភ្នំពេញ)៖ រថយន្ដសង្គ្រោះបន្ទាន់ទី៤៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ និងជាអភិបាលខណ្ឌជ្រោយចង្វារ និងលោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា។

ឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នភាព នៃការរាលត្បាតជំងឺកូវីដ១៩នេះ ដែលមានការឆ្លងរីករាលដាលទូទាំងប្រទេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ និងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែរហ័ស ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃការចម្លង អត្រាឈឺ ការសម្រាន្ដពេទ្យ និងអត្រាមរណភាពដោយជំងឺកូវីដ១៩»

លើសពីនោះ ក្នុងបរិបទកូវីដនេះ មានទាំងអ្នកជំងឺទូទៅផង និងកូវីដ១៩ផង ដូចនេះរថយន្ដសង្គ្រោះបន្ទាន់នេះ នឹងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់ ដើម្បីសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ាបណ្ឌិត ជា រតនា។

ឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្ដថា ក្នុងកាលៈទេសៈនេះ ត្រូវតែរួមចំណែកគ្នាទាំងគ្នាក្នុងការការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «អូមីក្រុង» ប្រជាពលរដ្ឋយើងអាចចូលរួមជាមួយរាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ»

នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានថ្លែងថា រថយន្ដសង្គ្រោះបន្ទាន់ដែលបានទទួលនៅពេលនេះ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការសង្គ្រោះជីវិតពលរដ្ឋយើងបានទាន់ពេលវេលា។

លោកបានថ្លែងបន្ដថា «ក្នុងនាមខ្ញុំ តំណាងឱ្យមន្រ្តី និងប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យរបស់យើងក្នុងការដឹកជញ្ជូនអ្នកជំងឺ។ យើងខ្ញុំនឹងយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ឋានៈ មានក្រ អ្វីឡើយ»

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់សង្គមជាតិកន្លងមកនេះ និងបន្ដទៅថ្ងៃអនាគត។

លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបត្ដិមេគង្គ តំណាងឱ្យមណ្ឌលសុខភាពជ្រោយចង្វារ បានថ្លែងទាំងទឹកចិត្ដរំភើបសប្បាយរីករាយថា «កន្លងមកមណ្ឌលសុខភាពជ្រោយចង្វារយើង មិនដែលមានរថយន្ដសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួននោះទេ ថ្ងៃនេះទទួលបានរថយន្ដសង្គ្រោះបន្ទាន់ប្រចាំមណ្ឌលខ្លួន ដើម្បីឆ្លើយតបទាន់ពេលវេលាដល់ប្រជាពលរដ្ឋ យើងទាំងអស់គ្នា ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់»

លើសពីនោះ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់ និងមើលឃើញពីការខ្វះខាត និងតម្រូវការរបស់ប្រជាជន ហើយនេះក៏ជាឱកាសមួយដែលផ្ដល់ឱ្យក្រុមគ្រូពេទ្យយើង យករថយន្ដសង្គ្រោះបន្ទាន់នេះ ទៅបម្រើសេវាជូនប្រជាពលរដ្ឋយើង។

លោកវេជ្ជបណ្ឌិតបានបន្តថា «រថយន្ដបន្ទាន់មួយនេះ ពិតជាសំខាន់ណាស់ ព្រោះថាកាលណាយើងមានរថយន្ដប្រចាំការនៅទីនេះ ពេលមានហានិភ័យអ្វី យើងនឹងអាចជួយប្រជាជនបានទាន់ពេលវេលា មិនថាការងារនៅក្នុងមណ្ឌល ឬក្នុងសហគមន៍ ឱ្យតែប្រជាជនត្រូវការ គឺក្រុមការងារយើង នឹងទៅជួយគាត់ភ្លាមៗមកព្យាបាល»

ទន្ទឹមនឹងនោះ តំណាងឱ្យមណ្ឌលសុខភាពជ្រោយចង្វារ និងប្រជាពលរដ្ឋ លោកវេជ្ជបណ្ឌិតបានសូមគោរពថ្លែងអំណរគុណដល់ លោកឧកញ៉ាបណ្ឌិត ជា រតនាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា រួមទាំងឧកញ៉ា សុខ វណ្ណា និងភរិយា ដែលបានខិតខំប្រឹងប្រែង និងតាមជួយសម្រាលការខ្វះខាត និងតម្រូវការរបស់ប្រជាជនជាប់និច្ច ពិសេសបានពាំនាំនូវអំណោយរបស់សម្ដេចទាំងទ្វេ មកប្រគល់ជូនដោយផ្ទាល់ដល់មណ្ឌលសុខភាពជ្រោយចង្វារនៅថ្ងៃនេះ ដែលធ្វើឡើងនៅសាលាខណ្ឌជ្រោយចង្វារ។

លោកបន្ដថា «យើងនឹងប្ដេជ្ញាថែទាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានល្អ និងប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង»