(បន្ទាយមានជ័យ)៖ ​លោកឧត្តមសេនីយ៍ត្រី​ ឱ​ បូរិន្ទ មេបញ្ជាការអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី​២៥​ ខែមេសានេះ​ថា នៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៦ ​ជនរងគ្រោះ៣នាក់ មានឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ ចក់ ធី ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សំ ភឿក ភេទប្រុស​​ អាយុ១៩ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងឈ្មោះ មិញ វឿន ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ មិញ សំ ភេទប្រុស​ អាយុ៤៥ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិជាមួយគ្នា​ ពីបទប្រើអំពើហិង្សាមកលើរូបគេទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះផងដែរ។

លោកបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះទាំង៣នាក់ រួចមកលោកបានដឹកនាំកំលាំងអាវុធហត្ថ​ ចុះទៅស្វែងរកចាប់ជនដៃដល់ទាំង២នាក់ បានសម្រេច។ នៅ១០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យទាំង២ត្រូវបានឃាត់ខ្លួន ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើជនរង្រ្គោះទាំង៣នាក់ នោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន។

សូមរំលឹកថា មុនមានហឹង្សាទៅលើជនរងគ្រោះទាំង៣នោះ គឺជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ចេញពីផ្ទះទៅរកត្រី លុះជិះមកដល់ក្រោយវត្តតាហី កន្លែងស្ងាត់នោះស្រាប់តែជនសង្ស័យទាំង២នាក់ បានចេញមកធ្វើសកម្មភាព ទាញយកដំបង​ និងវត្ថុរឹងជាច្រើនទៀត បានវាយទៅលើជនរងគ្រោះទាំង៣នាក់ យ៉ាងសាហាវដោយមិនអាចឲ្យជនរងគ្រោះទាំង៣នាក់ នោះតដៃវិញបានឡើយ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុ លាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕