(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា អ្នកដែលប្រឆាំងនឹងបទឈប់បាញ់ និងការផ្តល់ជំនួយនៅមីយ៉ាន់ម៉ា គឺជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម ព្រមទាំងចង់ឱ្យពលរដ្ឋមីយ៉ាន់ម៉ា រស់នៅក្នុងភាពអត់ឃ្លាន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អ្នកជេរហ្នឹងក្រុមដដែលហ្នឹង ខ្ញុំជឿថាមានមីយ៉ាន់ម៉ា និងខ្មែរអង្គុយជាមួយគ្នា ដោយសារ Comment ចូលមកជាភាសាខ្មែរផង និងមីយ៉ាន់ម៉ាផង តើបងប្អូនមីយ៉ាន់ម៉ាចេះភាសាខ្មែរពីអង្កាល? អញ្ចឹងមានតែមួយក្រុមអាចនៅកន្លែងណាមួយ នៅប៉ារីស នៅអាមេរិក ឬនៅថៃ នៅហ្វីលីពីន ឬនៅកន្លែងណាអង្គុយជាមួយគ្នា»

សម្តេចបានបន្តថា «យើងដឹងមុខហើយ ក្រុមអ្នកឯងជាក្រុមនិយមជ្រុលតែអញ្ចឹង ឥឡូវខ្ញុំប្រើពាក្យថា ប្រឆាំងនឹងបទឈប់បាញ់ គឺអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម អ្នកឯងឆ្លើយមក»។ ទោះជាយ៉ាងនក្តី សម្តេចតេជោ បានថ្លែងថា សម្តេចមិនប្រកាន់ទោសអូសដំណើរជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ ទោះបីជាសម្តេចបានសង្កេតឃើញថាមានការដុត, ជាន់ ឬគូសរូបថតរបស់សម្តេចក៏ដោយ។ សម្តេចបញ្ជាក់ថា «អ្នកនឹងបានឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះដោយភ្នក់ភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងគំនិតផ្តួចផ្តើមរបស់ខ្ញុំទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា»

បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា កន្លងទៅនេះ គឺមានគោលដៅតែ២ចំណុចប៉ុណ្ណោះ ដោយក្នុងនោះមានបទឈប់បាញ់ និងការសម្របស្រួលសម្រាប់ការផ្តល់ជំនួយដល់ភាគីពាក់ព័ន្ធដោយគ្មានការរើសអើង។ សម្តេចថ្លែងថា «ខ្លះគេលើកត្រឹមថា ខ្ញុំអត់បានជួបជាមួយអ្នកនេះអ្នកនោះ ខ្ញុំអត់បានដាក់គោលដៅជួបជាមួយនរណាទាំងអស់ អ្វីដែលខ្ញុំចង់បាន គឺ២ចំណុច ទី១៖ បទឈប់បាញ់ ទី២៖ ការផ្តល់ជំនួយ»

សម្តេចបានបន្ថែថា៖ «វាជាការល្អប្រសើរណាស់ ជាមួយនឹងការមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានខ្ពស់ទៅរកការសន្ទនាក្នុងមីយ៉ាន់ម៉ា និងសម្រាប់ឈានឈ្ពោះទៅរកការបោះឆ្នោត ដែលភាគីខាងមីយ៉ាន់ម៉ាបានកំណត់ថា នឹងធ្វើនៅខែសីហា ឆ្នាំ២០២៣»។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា បើសិនជាមិនអាចអនុវត្តបានទេ ការបោះឆ្នោតក៏មិនអាចធ្វើទៅបានទេ

សម្តេចសង្ឃឹមថា ដៃគូអាស៊ានទាំងអស់ នឹងបន្តខិតខំដើម្បីបង្កើតឱ្យមានយន្តការមួយ ហើយយន្តការនេះ មិនមែនជាយន្តការកម្ពុជាទេ ប៉ុន្តែកម្ពុជាជាប្រធានអាស៊ាននៅពេលនេះ ប៉ុន្តែរឿងនេះវាមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២ទេ រឿងនេះនឹងទៅដល់ដៃប្រធានអាស៊ានថ្មី គឺឥណ្ឌូនេស៊ី។

សម្តេចបានលើកឡើងថា កម្ពុជាមានបទពិសោធគ្រប់គ្រាន់ហើយ ឈឺចាប់ពេកហើយ ដោយសារសង្គ្រាមនេះ។ សម្តេចបានចាត់ទុកថា ការទទួលបានសន្តិភាពពេញលេញ នៅកម្ពុជា២៣ឆ្នាំមកនេះ គឺជាប្រវត្តិសាស្រ្តរបស់កម្ពុជា រយៈពេល៥០០ឆ្នាំ កន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យន្តការទី២ គឺការផ្តល់ជំនួយមនុស្សធម៌ ដែលមានជំនួយមួយចំនួនបានទៅដល់មីយ៉ាន់ម៉ាហើយ ប៉ុន្តែមិនទាន់បានចែក។ សម្តេចបន្តថា៖ «ខ្ញុំបានស្នើឱ្យកំណត់ពាក្យ "មិនរើសអើង" ហើយត្រូវបានទទួលយកដោយ ឯកឧត្តម មីន អោងឡាំង ដែលគាត់បាននិយាយថា សូម្បីតែអ្នកធ្វើសកម្មភាពប្រឆាំងខ្ញុំ ក៏ត្រូវផ្តល់ឱ្យពួកគេដែរ ព្រោះពួកគេក៏ជាជនជាតិមីយ៉ាន់ម៉ាដែរ»