(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្ដកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានរៀបពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ ដែលមសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សចូលរួមយ៉ាងច្រើន កុះករផងដែរ ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សែម ស៊ីម នាយកសាលាបឋមសិក្សាអាឡែង បានអានរបាយការណ៍ជំរាបជូនដល់គណៈអធិបតី និងភ្ញៀវ កិត្តិយស ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនោះ ពីលទ្ធ ផលឆ្នាំសិក្សាឆ្នាំ២០២១កន្លងទៅ ក្នុងនោះដែរលោកគ្រូ នាយកក៏បានបញ្ជាក់ពីចំនួនសិស្សសរុបទាំងបឋមសិក្សានិងអនុវិទ្យាល័យដែលសិស្សបឋមសិក្សាសរុប៣១៧ស្រី១៥៦ នាក់។ ដោយឡែកសិស្សអនុវិទ្យាល័យសរុប២០៧នាក់ ស្រី ១២៥នាក់ បន្ទាប់ពីលោកនាយកសាលាបឋមសិក្សា បាន រាយការណ៍ និងរៀបរាប់ពីលទ្ធផលនៃការសិក្សាក្នុងឆ្នាំសិក្សាកន្លងទៅរួចមក។

ជាមួយគ្នានេះដែរ លោក ចាន់ ឡេង ជំទប់ទីមួយឃុំជ្រៃបាក់ ក៏បានថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល របស់សិស្សថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាល ក្នុងសាលារៀន ដែលមានគ្រូ បង្រៀន ជាឪពុកម្តាយទី២។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពី មាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជន ទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាង សំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់មាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទៅសិស្ស និស្សិត ឱ្យដើរទៅតាមផ្លូវត្រូវសំដៅទទួលបាននូវអនាគតដ៏ល្អភ្លឺស្វាង នៅពេខាងមុខ។

បន្ថែមពីនេះទៀត លោក ចាន់ ឡេង បានផ្ដាំផ្ញើទៅដល់ មាតាបិតា ឬអាណាព្យាបាលសិស្សរបស់ពួកគាត់មានតួនាទី សំខាន់ណាស់ ក្នុងការ រួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួនឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីជួយ ពង្រឹងឱ្យកូន-ចៅ ខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ហើយអាចក្លាយខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋានដោយអភិវឌ្ឍខ្លួនឲ្យក្លាយជាទំពាំងស្នងឬស្សី៕