(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលសាលារៀន ជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មី។

ការថ្លែងបែបនេះ របស់លោក ធឹម សំអាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីពិធីបើកបវេសនកាលនៅវិទ្យាល័យ ជា សុីម បឹងកេងកង ដោយមានការចូលរួមពីលោក លោកស្រី ជាមន្ត្រីការិយាល័យអប់រំខណ្ឌ លោកគ្រូ អ្នគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោកអភិបាលខណ្ឌ បានថ្លែងអរគុណសន្តិភាព និងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គទេសក៍ឆ្លាតវាងវៃនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ យើងទាំងអស់គ្នា ត្រូវការពារសន្តិភាពនេះឱ្យបានគង់វង្សជានិរន្ត គឺមិនឱ្យជនណាម្នាក់បំផ្លាញបានឡើយ។

លោកបានបញ្ជាក់ថា សិស្សានុសិស្សនៅផ្ទះត្រូវគោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាដែលជាស្ពានចម្លងឱ្យមានអនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំប្រកបដោយចំណេះ និងជំនាញពិតប្រាកដ។

លោកបានបន្ថែមថា លោកគ្រូ អ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការទៅអាណាព្យាបាលអប់រំកូនៗឱ្យបានល្អ ជៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឱ្យខូចអនាគត ព្រោះក្មេងៗ ចាត់ទុកបានដូចជាក្រណាត់សមួយដុំដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំងអំពើមិនល្អ និងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ។

ជាមួយគ្នានេះ លោក ធឹម សំអាន ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន ១,០០០,០០០រៀល ចែករង្វាន់ជូនសិស្សពូកែចំនួន ៧២នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន១០,០០០រៀល សៀវភៅ ប៊ិច និងសម្ភារសិក្សាមួយចំនួនទៀត៕