(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ការណែនាំបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសជាគណៈអធិបតីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅខេត្តព្រះសីហនុ បានប្រារព្ធធ្វើឡើងនៅតាមសាលាគោលដៅចំនួន៧៨ ក្នុងចំណោមសាលាទាំង១០២នៅទូទាំងខេត្ត។ ក្នុងបរិបទកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការវិស័យអប់រំ ដែលតម្រូវឱ្យមានការបំប៉នលោកគ្រូ អ្នកគ្រូតាមប្រព័័ន្ធឌីជីថលព័ត៌មានវិទ្យាលើការបង្រៀន និងរៀនតាមបណ្តុំសហគម ទោះបីជំងឺកូវីដ១៩ បានរាតត្បាត តែមន្ត្រីអប់រំបានបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យសាលាបានដំណើរការបង្រៀនតាមបណ្តុំ និងប្រព័ន្ធឌីជីថលតាមគ្រប់រូបភាពទទួលបានលទ្ធផលល្អប្រសើរ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ លោក សាយ សំអាល់ កន្លងមកយើងមិនបានជួបជុំកុះករដូចថ្ងៃនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបិទខ្ទប់។ រាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំង ហើយប្រទេសកម្ពុជា ជាប្រទេសផ្តល់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំឡើងនៅទូទាំងប្រទេស ដែលទទួលបានលទ្ធផលជាផ្លែផ្កា និងឈានដល់បើកដំណើរការសាលារៀនឡើងវិញ។

ក្នុងនាមរាជរដ្ឋាភិបាល លោកសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមានការចូលរួមពីមន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ក្នុងយុទ្ធនាការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

បន្ថែមពីនេះ លោក សាយ សំអាល់ ក៏បានវាយតម្លៃខ្ពស់លើលទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យខិតខំបង្រៀន និងរៀនតាមកម្មវិធីសិក្សា។

លោក គួច ចំរើន បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមើលឃើញថានៅខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យចាប់ផ្ដើមដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្តុំនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញ នៃគ្រឹះស្ថានឧត្តមសិក្សា រួមនឹងភាគរយនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានខ្ពស់ ជូនកុមារអាយុ ៥ឆ្នាំឡើង។ ពិសេសដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១ ប្រកបដោយសុវត្ថិភាព។

រាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដោយដាក់ឱ្យប្រើប្រាស់នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។ កត្តានេះហើយបានផ្ដល់លទ្ធភាពឱ្យកម្ពុជា ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ សម្រាប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស ក្រោមទស្សនទានថ្មីគឺ «គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ»។ ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមសិក្សាដំបូងរបស់ក្មួយដែលទើបដល់អាយុត្រូវចូលសាលា និងជាថ្ងៃចូលរៀនឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាកុលបុត្រកុលធីតាជាទីស្រលាញ់គ្រប់គ្នា នៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ។

ទន្ទឹមនេះ លោក សាយ សំអាល់ បានថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Foundation) និងអង្គការ Plan International Cambodia ដែលបានផ្តល់អាហាររូបករណ៍ និងអំណោយដល់សាលានានានៅក្នុងខេត្តព្រះសីហនុ។ ដោយឡែកថ្ងៃនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Foundation) និងអង្គការ Plan International Cambodia ក៏បានឧបត្ថម្ភឧបករណ៍វាស់កំដៅស្វ័យប្រវត្តិ ៩៩០គ្រឿង និងម៉ាស៊ីនលាងដៃចំនួន ១៩៨គ្រឿង ជូនសាលាទូទាំងខេត្តផងដែរ។

ជាមួយគ្នានេះ លោក សាយ សំអាល់ និងលោក គួច ចំរើន បានអញ្ជើញប្រគល់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «សាលារៀនស្អាត» និងប្រគល់បណ្ណសរសើរ «នាយកល្អ» ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ «គ្រូបង្រៀនល្អ» ជូនវិទ្យាល័យ ហ៊ុន សែន មិត្តភាព ប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ប្រគល់ពានរង្វាន់មេដាយមាស និងប្រាក់ ពិពណ៌អប់រំស្ទែម ព្រមទាំងបំពាក់មេដៃសិស្សជយលាភី ផ្តល់រង្វាន់ និងលិខិតសរសើរដល់សិស្សពូកែផងដែរ។

លោក សាយ សំអាល់ ក៏បាននាំយកអំណោយជាសម្ភារៈ និងថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូចំនួន៨៩នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ និងថវិកា៥ម៉ឺនរៀល មាតាបិតាសិស្សចំនួន១២០នាក់ ម្នាក់ៗក្រម៉ា១ សិក្សានុសិស្ស១,២០០នាក់ ម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៉ិច៣ដើម ខ្មៅដៃ៣ដើម បន្ទាត់១ និងថវិកា១ម៉ឺនរៀល៕