(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម។ នេះបើតាមការផ្សព្វផ្សាយរបស់ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នៅលើបណ្តាញសង្គមហ្វេសបុក។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងយកឈ្នះលើការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។

លោកបានបន្តថា «ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន»

សូមបញ្ជាក់ថា នៅឆ្នាំនេះ ក៏ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌាផងដែរ៕