(ភ្នំពេញ)៖ អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានប្រកាសស្វាគមន៍ និងគាំទ្រចំពោះលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។ អង្គការអន្តរជាតិនេះ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោជា «ទស្សនកិច្ចសន្តិភាព»។

ការសម្តែងការស្វាគមន៍ និងគាំទ្រចំពោះទស្សនកិច្ចកិច្ចរបស់សម្តេចតេជោ របស់អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យុងហូ អគ្គនាយកនៃអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ លោកបណ្ឌិត យុន យុងហូ បានវាយតម្លៃខ្ពស់ខ្ពស់ ដោយអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ និងបានស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកបណ្ឌិត ចាត់ទុកថា នេះជា «ទស្សនកិច្ចសន្តិភាព» ហើយលោកបានស្វាគមន៍ចំពោះលទ្ធផលជោគជ័យ៣ចំណុច ដែលក្នុងនោះមាន ទី១៖ ការជំរុញយ៉ាងណាឱ្យមានបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២, ទី២៖ ការគាំទ្រដល់ប្រេសិតពិសេសកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា និងទី៣៖ ការសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រទេស។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបភាពវឹកវរ កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាបានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕