(ភ្នំពេញ)៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យថា នៅម៉ោង១២៖៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ១០១៦ នៅចំណុចក្បែរផ្លូវរថភ្លើង ក្រុម១ ភូមិទូលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានករណីប្លន់ម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ស សេរី២០១១។ ដោយជនល្មើសប្រើរូបភាពឲ្យស្រី៣នាក់ ឈរចាំហៅម៉ូតូតាមផ្លូវ លុះពេលម្ចាស់ម៉ូតូឈប់ បក្សពួកប្រុសៗ៤នាក់ផ្សេងទៀត ក៏ចេញមកធ្វើសកម្មភាព វាយប្លន់យកម៉ូតូ កាបូបលុយ និងទូរស័ព្ទរបស់ជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុរយៈពេលមួយម៉ោងប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថ បន្ទាប់មកកំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការជាបន្ទាន់ ហ៊ុមព័ទ្ធភូមិសាស្រ្ត ដែលកើតហេតុទាំងយប់ និងរុករកស្រាវជ្រាវរហូតដល់ម៉ោង៦ព្រឹកថ្ងៃដដែល ទើបចាប់បានជនដៃដល់២នាក់ ក្នុងចំណោមបក្សពួកទាំង៧នាក់ និងដកហូតម៉ូតូ របស់ជនរងគ្រោះត្រឡប់មកវិញ ប្រគល់ជូនទៅម្ចាស់ដើម។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបញ្ជាក់ថា បច្ចេកទេសប្លន់ដោយយកស្រីស្អាត ជាធ្នាក់របស់ក្រុមនេះ មិនមែនទើបតែធ្វើលើកទី១ទេ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ក្រុមនេះទើបតែប្លន់បានម៉ូតូ ម៉ាកហុងដា សេរី២០១៦មួយគ្រឿង ដោយប្រើរូបភាពដូចខាងលើ តែគួរឲ្យសោកស្តាយជនរងគ្រោះមិនបាន មកដាក់ពាក្យបណ្តឹង និងផ្តល់ពត៌មានដល់សមត្ថកិច្ច ទើបបណ្តាលឲ្យក្រុមនេះ ចេះតែបានចិត្តនឹងធ្វើសកម្មភាព យ៉ាងព្រហើនដូច្នេះ។

បច្ចុប្បន្នជនស្ស័យទាំង២នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនឹង បន្តនីតិវិធីស្វែងរកបក្សពួកដែល នៅសល់បន្តទៀត៕