(ស្វាយរៀង)៖ លោក ម៉ឹង សំផន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកគណបក្ស មកពីសាខាបក្សភូមិឃុំស្រុក ព្រមទាំងក្រុមការងារចុះជួយស្រុកចន្ទ្រា បានចូលរួមប្រជុំ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ដែលគណបក្សស្រុក សម្រេចបានកន្លងមក ដើម្បីលើកទិសដៅ ផ្តល់បទពិសោធន៍សំដៅរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការអនុវត្តគោលនយោបាយគណបក្សឲ្យកាន់តែរឹងមាំ ឈានទៅសម្រេចអោយបានជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅពេលខាងមុខ។

ក្នុងកិច្ចប្រជុំនោះ បន្ទាប់ពីលោកលោក ថន ថាវុទ្ធា អនុប្រធានប្រចាំការ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្ទ្រាបានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងលើកឡើងពីលទ្ធផលការងារដែលគណបក្សសំរេចបានរួចមក ថ្លែងក្នុងកិច្ចប្រជុំលោក ម៉ឹង សំផន បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិកាបក្សក្នុងឱកាសនោះផងដែរ។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្ស និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា ដែលបានសាមគ្គី សហការគ្នាបានល្អ ក្នុងការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំឲ្យមានការរីកចំរើន។

លោក ម៉ឹង សំផន បានលើកឡើងពីអត្ថន័យថ្ងៃជ័យជម្នះ ៧ មករា ដែលបានធ្វើឲ្យយើងគ្រប់គ្នាបានរស់រានមានជីវិតសារជាថ្មីឡើងវិញ គឺដោយសារការតស៊ូរំដោះប្រទេសជាតិ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកម្លាំង តស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និង បានកសាងប្រទេសកម្ពុជាចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ។

លោក ម៉ឹង សំផន បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ លោក ម៉ឹង សំផន ផ្តល់នូវអនុសាសន៍ ណែនាំនូវខ្លឹមសារសំខាន់ៗមួយចំនួន ដល់សមាជិកក្រុមការងារ ដែលទាក់ទងដល់ការពង្រឹងសមាជិកបក្សនៅមូលដ្ឋានភូមិឃុំ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងឆ្នាំ២០២២នេះឲ្យទទួលបានជោគជ័យ។

កិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ នាពេលនោះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត ផងដែរ។ ក្នុងឱកាសនោះលោក ម៉ឹង សំផន បានផ្តល់ថវិកាចំនួន ជាង៣០លានរៀល ដល់ក្រុមការងារភូមិឃុំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង៕