(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ការអនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងបង្រ្កាបបទល្មើសនានា ក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តអាគារ A និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានទប់ស្កាត់ បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញ ការងារទាំងអស់នេះឲ្យបានកាន់តែល្អថែមទៀត។

បន្ថែមពីនេះទៀត លោកក៏បានណែនាំដល់គណៈបញ្ជាការក្រុងស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺ កូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត។ លើសពីនេះទៅទៀតលោកក៏បានណែនាំដល់អង្គភាពនីមួយៗ ត្រូវមានការដាំដុះដើមឈើ និងផ្កាលម្អ ព្រមទាំងត្រូវមានការចែកវេន សម្រាប់សម្អាតតាមទី សាធារណៈឲ្យបានស្អាត ដើម្បីជាគំរូល្អដល់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត លោកក៏បានសំណូមពរឲ្យគណៈបញ្ជាការក្រុងស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិ ឲ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឲ្យមាន ការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕