(ព្រះសីហនុ)៖ លោក កែវ វាសនា ត្រូវបានប្រគល់ភារកិច្ចប្រធានមជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ជំនួសលោក វ៉ិត វ៉ាល់ដា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ធូ ស៊ុន រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

លោក កែវ វាសនា បានឡើងធ្វើការប្តេជ្ញាចិត្ត និងខិតខំបំពេញការងារដឹកនាំមជ្ឈមណ្ឌលជាតិនេះឱ្យក្លាយជាមជ្ឈមណ្ឌលគំរូទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសរសើរក្រសួងពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញការងារផ្តល់សេវាដល់ជនរងគ្រោះដោយសារគ្រឿងញៀន និងបន្តខិតខំបន្ថែមទៀតធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់មជ្ឈមណ្ឌលជាតិដែលមានតម្លៃប្រមាណ ៧លានដុល្លារ ប្រកបដោយគុណភាពទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ថ្លែងក្នុងនាមលោករដ្ឋមន្ត្រី វង សូត, លោក ធូ ស៊ុន បានកោតសរសើរពីកិច្ចសហការឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មោះត្រង់ វិជ្ជាជីវៈ រវាងប្រធានស្តីទីចាស់មជ្ឈមណ្ឌលជាតិ និងមន្រ្តីគ្រប់ផ្នែកដោយមានការគាំទ្រ ពីក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធសម្រេចបានលទ្ធផលគួរកត់សម្គាល់។

លោក ធូ ស៊ុន បានផ្តាំផ្ញើលោក កែវ វាសនា ប្រធានថ្មីមជ្ឈមណ្ឌលជាតិ ត្រូវបន្តត្រូវបន្តចាត់ចែងគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានគណនេយ្យភាពចំពោះការងារ និងសហការល្អជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងអាជ្ញាធរដែនដី ព្រមទាំងបន្តសម្រេចបានលទ្ធផលការផ្តល់សេវាប្រកបដោយគុណភាពជូនជនរងគ្រោះដោយសារគ្រឿងញៀនដោយទទួលបានចំណេះជំនាញសម្រាប់ជាទុនចិញ្ចឹមជីវិតតរៀងទៅ។

សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ប្រទេសកម្ពុជា បានធ្វើសមាហរណកម្មជនរងគ្រោះដែលបានព្យាបាលស្តារនីតិសម្បទាផ្តាច់សារធាតុញៀន ពីមជ្ឈមណ្ឌលបណ្តោះអាសន្ននានាឱ្យទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញបានចំនួន ៦,៩១៤នាក់៕