(កំពង់ធំ)៖ លោក នី ផល្លី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្នោតជុំ ក្នុងនាមតំណាងលោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានដឹកនាំសន្និបាតគណៈកម្មាធិការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឈានឆ្ពោះទៅដណ្តើមជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។

សន្និបាតគណៈកម្មាធិការគណបក្សឃុំត្នោតជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងកិច្ចដំណើការនៃអង្គសន្និបាត តាមរយៈរបាយការណ៍បូកសរុបសមិទ្ធផលនៃការអភិវឌ្ឍឃុំត្នោតជុំរយៈពេល៥ឆ្នាំ (២០១៧-២០២២) របស់គណៈកម្មាធិការគណបក្សឃុំត្នោតជុំ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពកើតចេញពីនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជានជនកម្ពុជា ធ្វើឲ្យឃុំត្នោតជុំទទួលបានឱកាសនៃអភិវឌ្ឍ និងមានភាពរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

ក្នុងអង្គពិធីក៏មានការបង្ហាញមុខបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទាំង១៦រូប សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ក៏ដូចជាការពិនិត្យ និងអនុម័តទៅលើគោលនយោបាយអភិវឌ្ឍឃុំត្នោតជុំ សម្រាប់៥ឆ្នាំបន្ត (២០២២-២០២៧) ផងដែរ។

លោក នី ផល្លី បានផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ទាំង១៦រូបខាងលើ ព្រមទាំងសមាជិក-សមាជិកានៃអង្គសន្និបាត ក៏ដូចជាផ្តាំផ្ញើទៅសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់នៅឃុំត្នោតជុំឱ្យបន្តស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពិសេសជាមួយនឹងការផ្តាំផ្ញើរបស់លោកប្រធានក្រុមការងារឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ចុះជួបនិងជួយប្រជាពលរដ្ឋឱ្យដល់ខ្នងផ្ទះ ដោយតម្កល់ផលប្រយោជន៍គណបក្ស និងប្រជាពលរដ្ឋជាធំ ទាំងបេក្ខជនឈរឈ្មោះនិងអង្គសន្និបាតទាំងមូលបានគាំទ្រនិងប្តេជ្ញាយកឈ្នះអាសនៈទាំងអស់តែម្តង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណិត្តទី៥ ឆ្នាំ២០២២ នាពេលខាងមុខ៕