(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពងទឹក បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ ក្នុងការប្រមូលប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា ស្របតាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» កំពុងចាប់ផ្តើមរាតត្បាតក្នុងសហគមន៍។

ការថ្លែងជំរុញបែបនេះរបស់លោក រស់ ផារិទ្ធិ បានធ្វើឡើងក្នុងពិធី សំណេះសំណាលជាមួយគណៈកម្មការវត្តសេកមាស មេភូមិ ក្រុមប្រឹក្សាឃុំ នៅឃុំពងទឹកស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

លោក រស់ ផារិទ្ធិ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំពងទឹក ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់ នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅទូទាំងប្រទេស។

លោកបានបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុតនោះ គឺការបន្ត អនុវត្តវិធានការ «៣កុំ និង៣ការពារ» និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តនៅវិធានទាំងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវរៀនរស់តាមបែបគន្លងប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត លោក រស់ ផារិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអស់ នៅឃុំពងទឹក ត្រូវអប់រំកូនចៅឲ្យ ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអាជ្ញាធរ ត្រូវបង្កើនការយក ចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានល្អសើរដើម្បីមូលដ្ឋានរបស់យើងរស់នៅដោយភាព សុខសាន្ត។ មួយវិញទៀតត្រូវដោះស្រាយសេវាសាធារណៈដល់ ប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនេយ្យភាពទាំង សេវាសំណូមពរ និងសេវាតម្រូវការ គឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ រយៈពេល៧ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករា មក កម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣៤នាក់ ប្រភេទ «អូមីក្រុង» ក្នុងនោះករណីនាំចូលចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍១០នាក់ អ្នកជំងឺចំនួន១១នាក់ ជាសះស្បើយ។

បន្ថែមពីនេះទៀត ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំពងទឹកនេះដែរ លោក រស់ ផារិទ្ធ បាននាំនូវក្រមា អាវរងា និងសម្ភារៈអនាម័យ ចែកជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋផងដែរ៕