(សៀមរាប)៖ ក្រុមគ្រូពេទ្យចល័តរបស់កងពលតូចអន្តរាគមន៍លេខ៦ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅស្រុកអង្គរជុំ ខេត្តសៀមរាប ចាប់ពីទី១០ ខែមករា ឆ្នាំ២០២២ នេះតទៅ។

យុទ្ធនាការនេះ ដឹកនាំដោយលោកឧត្តសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ និងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោមេបញ្ជាការ បានបញ្ជាក់ថា «តាមផែនការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទីទី៣ កងពលតូចអន្តរាគមន៍លេខ៦ ទទួលចាក់ជូនប្រជាពលរដ្ឋចំនួន ២០,៦៤៤នាក់ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប»

លោកឧត្តសេនីយ៍ទោ ឈុំ ខេង ក៏បានណែនាំដល់អាជ្ញាធរស្រុកអង្គរជុំ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលគាត់ត្រូវចាក់ដូសជំរុញឬដូសទី៣នេះ សូមអញ្ជើញមកចាក់ឱ្យបានគ្រប់ៗគ្នា។

លោកមេបញ្ជាការ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសជំរុញរួច ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដែលពួកគាត់បានចាក់វ៉ាក់សាំងដូសជំរុញនេះ។ ពួកគាត់ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ បន្ថែមពីនេះពួកគាត់ក៏ថ្លែងអំណរគុណដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ និងក្រុមការងារចុះចាក់វ៉ាក់សាំងទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ពួកគាត់នាពេលនេះ៕