(កំពង់ឆ្នាំង)៖ ករណីលោកយាយអាយុ៧៣ឆ្នាំម្នាក់ មានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកូនស្រីរបស់លោកយាយ មិនចែកដីភូមិឲ្យលោកយាយនោះ នៅព្រឹកថ្ងៃទី១០ ខែមករានេះ ស្ត្រីជាកូន និងលោកយាយជាម្ដាយ ត្រូវបានអាជ្ញាធរស្រុក កោះអញ្ជើញទៅដោះស្រាយនៅសាលាស្រុករលាប្អៀរ។

បន្ទាប់ពីអាជ្ញាធរ និងមេធាវីព្យាយាមពន្យល់ណែនាំដល់លោកយាយ និងកូនស្រី រយៈពេលជាច្រើនម៉ោង ទើបរូបភាពគេទាំងសងខាងយល់ព្រមបញ្ចប់រឿង។ ដោយលោកយាយព្រមទទួលយកដីស្រែពាក់កណ្ដាល ចំណែកដីផ្ទះប្រសិនបើលក់បានលុយ លោកយាយទទួលបាន២៦ភាគរយ នៃតម្លៃលក់ទិញ ករណីអវត្តមាន (មរណភាព) ថវិកានឹងប្រគល់ជូនកូនស្រីរបស់លោកយាយឈ្មោះ សុវណ្ណី ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។

ក្នុងករណីភាគីណាមួយ មិនគោរពតាមកំណត់ហេតុ និងការព្រមព្រៀងឯកភាពគ្នា នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការសម្របសម្រួលអស់រយៈពេលជាច្រើនម៉ោង រហូតគូរភាគីទាំងសងខាងទទួលយកខាងលើនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរស្រុក។

សូមបញ្ជាក់ថា ដោយបន្ទាប់ពីបានទទួលព័ត៌មានខាងលើតាមរយៈបណ្ដាញព័ត៌មាន Fresh News នាយកដ្ឋានការពារក្តីជូនជនក្រីក្រ នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមេធាវីដើម្បីការពារក្តីជូនលោកយាយ ដោយមិនគិតកម្រៃ ស្របតាមគោលនយោបាយរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា។

ទំនាស់ខាងលើនេះដែរ ក៏មានកិច្ចប្រឹងប្រែងពីអាជ្ញាធរស្រុកដែលមានលោក សេង វិចិត្រ អភិបាលរង្រុរលាប្អៀរ និងក្រុមការងារ ដែលបានចូលរួមដោះស្រាយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ដោយបានពន្យល់ណែនាំដល់ភាគី ទាំងសងខាង រហូតមានការព្រមព្រៀង និងស្រុះស្រួលគ្នាទទួលបាន ការយោគយល់ទាំង២ភាគី ពោពេញដោយស្នាមញញឹមទាំងសងខាងផងដែរ៕