(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី០១ ដល់ទី១១ ខែមករា ឆ្នាំ២០២២ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរ មកពីខេត្តនានាប្រទេសថៃ ចំនួន ១៧០នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ពួកគាត់ជួបការលំបាករកការងារធ្វើ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ហើយបានមកសុំអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជួយអន្តរាគមន៍បញ្ជូនមកកម្ពុជាវិញ។

បើតាមអ្នកនាំពាក្យរូបនេះ គិតពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមករានេះដែរ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ ហើយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនចំនួន ៤០នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រកផ្សេងៗគ្នា៕