(ភ្នំពេញ)៖ លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបញ្ចាក់ជំហរបន្តគាំទ្រ ដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ។
ការបញ្ជាក់របស់ប្រធាន KOICA ប្រចាំកម្ពុជា ធ្វើឡើងជួបពិភាក្សា កម្រិតនយោបាយជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Virtual Meeting)។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ KOICA នៅកម្ពុជា។
លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពជាដៃគូដ៏រឹងមាំរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារ KOICA ដែលបាននឹងកំពុងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តគម្រោងយ៉ាងច្រើននៅកម្ពុជា និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយសម្ភារវិជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូនភាគីកូរ៉េ អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតសំខាន់លើសសរស្តម្ភ ៣ គឺ៖ ទី១). ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ, ទី២).ការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង និងទី៣). ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។
លោក Rho Hyunjun បានបង្ហាញអារម្មណ៍សោមនស្សរីករាយ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា និងបានសម្ដែងការកោតសរសើរ ចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួង/ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានប្ដេជ្ញាបន្ដពង្រីកកិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបានសមិទ្ធផលយ៉ាងធំធេង រហូតមកដល់បច្ចុប្បន្ន និងការដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ រហូតឈានដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញ លើគ្រប់វិស័យ ។
លោកប្រធាន KOICA បានបញ្ចាក់ជំហរបន្តគាំទ្រដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ។ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ ឆ្នាំ២០២១ KOICA បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន KOICA មានគម្រោងចំនួន ១៦ ជាមួយថវិកាប្រមាណ ១២៦.៥ លានដុល្លារអាមេរិក ។
លើសពីនេះ KOICA បានផ្តល់កម្មវិធីសហប្រតិបត្តិការជាច្រើន ដូចជាការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ, កម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង, កម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងការឧបត្ថម្ភសម្ភារវិជ្ជសាស្ត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកប្រធាន KOICA បានបន្ថែមថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព្យាបាលភ្នែក នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង គម្រោងបង្កើនសមត្ថភាពមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋកូរ៉េ មានថវិកា ៨ លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២។
លោករដ្ឋមន្រ្ដី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ KOICA ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគម្រោងដែលឆ្លើយតបនឹងអាទិភាព នៃក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៣៕