(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ទើបទទួលបានពាក្យបណ្តឹងមុននេះបន្តិចបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា​ តំណាងដោយលោក សុខ ឥសាន បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់អយ្យការអមសាលាដំ​បូងរាជធានីភ្នំពេញ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ចំនួន៤០០លានរៀល។

នៅក្នុងពាក្យបណ្តឹងរបស់ CPP បានបញ្ជាក់ថា លោក អ៊ូ វីរៈ បានធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈថា «យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច នៅពេលនេះគឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក។ .....ឈ្មោះនេះក៏បានលើកឡើងថា ការដែលគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាត់ គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែ​ធ្វើ​ឲ្យបាត់​បង់ប្រជាប្រិយ​ភាពខ្លាំង ហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្ត​ចំពោះយន្តការ​នេះដែរ»

គណបក្សប្រជាជនកម្ពុជា បានអះអាងថា អំពើរបស់លោក អ៊ូ វីរៈ ដែលបានធ្វើតាមមធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍គឺជាការបរិហាកេរ្តិ៍ជាសាធារណៈ និងបានបំពានទៅនឹងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរីថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុរបស់លោក។ ទោះបីជាយ៉ាងណា តុលាការប្រហែលជាមិនទាន់អាចចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំស៊ើប អង្កេតបន្ថែម៖ “គឺជាការគាបសង្កត់ខ្លាំងមែនទែន ហើយអាចមានប្រសិទ្ធភាព និងអាចរុញឲ្យបក្សប្រឆាំងទាល់ច្រក ហើយបើទាល់ ច្រក នឹងធ្វើឲ្យមានអស្ថិរភាពនយោបាយ”»

លោក អ៊ូ វីរៈ លើកឡើងតាមរយៈវិទ្យុនេះទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែងនយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះយន្តការនេះ ដែរ»

ចំពោះរឿងនេះ កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា CPP នឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ដែរ ក្នុងករណីដែលអ្នកវិភាគមាននិន្នាការនយោបាយទាំងនោះ ដើរនិយាយថា លាបពណ៌គណបក្សប្រជាជនកម្ពុជា ប្រាប់ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និងលោក កឹម សុខា គឺជាអតីតកូនចៅ និងមេកើយនិងគ្នា នៅពេលដែលលោក កឹម សុខា ធ្វើជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ CPP ដែលប្តឹងលោក អ៊ូ វីរៈ