(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងប្រធានលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោក ម៉ូត យូសុះ សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភូមិសែនជ័យ គីឡូម៉ែត្រ២១ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះ លោក រ៉ូហ្វី អូស្មាន បាននាំយកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោកក៏បានបន្តលើកឡើងពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ លោកបានស្នើុឲ្យប្រជាពលរដ្ឋបន្តការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល។

ជាចុងបញ្ចប់ នៃកម្មវិធីលោក រ៉ូហ្វី អូស្មាន បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពរស់នៅជាមួយអនាម័យខ្ពស់ និងបន្តរក្សាបីកុំ បីការពារ ដើម្បីចៀសផុតពីជំងឺកូវីដ១៩។

សូមជម្រាបថា កម្មវិធីបាននាំប្រាក់ឧបត្ថម្ភដល់កុមារកំព្រា ចំនួន២៥នាក់ ក្នុងនោះម្នាក់ៗទទួលបាន ថវិកា៤០០,០០០រៀល និងចែកថវិកាហ្សាកាត់ (ថវិកាបរិច្ចាគទាន) ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ចំនួន៤០,០០០រៀល។

ជាមួយគ្នានេះផងដែរ លោក លី មូសា ប្រធានគណៈចលនាស្រុកកោះសូទិន ខេត្តកំពង់ចាម ក៏បានចូលរួមឧបត្ថម្ភបន្ថែមថវិកាផ្ទាល់ចំនួន១០០ដុល្លារ ដើម្បីចែកជូនប្អូនៗកុមារកំព្រា។ លោក រ៉ូហ្វី អូស្មាន ជួយថវិកាដល់យុវជន CMYA មកពីជំនិកចំនួន២០០,០០០រៀល និងលោក សុះ កឹមរី ជួយថវិកាដល់យុវជន CYMA ២៤០,០០០រៀល និងក្រុមគ្រូ៧នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល៕