(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរមន្ត្រីជាង ៤ម៉ឺននាក់ហើយ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយបានផ្តល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចក្នុងការជ្រើសរើស ឬបណ្តេញមន្ត្រីចេញពីក្របខណ្ឌ ក្នុងបំណងបង្កើនប្រសិទ្ធភាពការអភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងសន្និសីទព័ត៌មានស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ គ.ជ.អ.ប បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់ខ្លួន។ ក្នុងនោះ បុគ្គលិកចំនួនជាង ៤០.០០០នាក់ ត្រូវបានផ្ទេរចេញពីការគ្រប់គ្រងនៅថ្នាក់ជាតិ ទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យការបំពេញការងារជូនប្រជាពលរដ្ឋ​កាន់តែមានប្រសិទ្ធ​ភាពខ្ពស់។

លោក ចាន់ សុធា បានអះអាងថា មន្ត្រីដែលបានផ្ទេរការគ្រប់គ្រងពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនេះ រួមមាន៖ ក្រសួងមហាផ្ទៃជាង ៧,០០០នាក់ ក្រសួងសុខាភិបាលជាង ២០,០០០នាក់ និងក្រសួងជំនាញចំនួន២០ បានផ្ទេរបុគ្គលិកជិត ២០.០០០នាក់។

លោក ចាន់ សុធាន បានអះអាងបែបនេះ «យើងបានផ្ទេរមន្ត្រីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះយើងបានផ្ទេរមន្ត្រីប្រមាណជាង ៤ម៉ឺននាក់ ផ្ទេរទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមែនជាមន្ត្រីរបស់ក្រសួងស្ថាប័នណាមួយទេ។ ជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង ការដឹកនាំរបស់ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់»។

លោក ចាន់ សុធា បានបន្ថែមថា «ទាក់ទិនការផ្ទេរបុគ្គលិកនេះ យើងក៏ផ្ទេរសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តទៅឱ្យក្រុមប្រឹក្សា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ពីមុនមន្ត្រីទាំងអស់នេះ សុទ្ធតែជាមន្ត្រីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ជាអ្នកជ្រើសរើស ជាអ្នកតែងតាំង ជាអ្នកដំឡើងឋារន្តរស័ក្តិ ជាភារកិច្ចរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ពីមុនការកំណែទម្រង់នេះ។ សូម្បីតែតែងតាំងអនុប្រធានការិយាល័យមួយនៅថ្នាក់ស្រុក ក៏ត្រូវតែងតាំងដោយក្រសួងស្ថាប័ន ដោយរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន។ ប៉ុន្តែកំណែទម្រង់យើងនេះ មកដល់ពេលនេះយើងបានផ្ទេរការសម្រេចចិត្តទៅឱ្យថ្នាក់ក្រោមជាតិហើយ ការតែងតាំងមន្ត្រីនៅក្នុងរដ្ឋបាលខេត្ត គឺខេត្តជាអ្នកតែងតាំងដោយខ្លួនឯង ទៅថ្នាក់ក្រុង-ស្រុក គឺក្រុង-ស្រុក តែងតាំងដោយខ្លួនឯង។ ឥឡូវនេះ យើងឱ្យមិនត្រឹមតែតែងតាំងទេ តាំងពីការជ្រើសរើស ការបញ្ចូលក្របខណ្ឌ ការតែងតាំង ការផ្លាស់ប្តូរ ការដំឡើងឋានន្តរស័ក្តិ ការដកហូតមុខតំណែង ការបណ្តេញចេញពីក្របខណ្ឌ ការដាក់ឱ្យចូលនិវត្តន៍ គឺប្រគល់កិច្ចការនេះ ការសម្រេចចិត្តទាំងអស់នេះទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ថ្នាក់ជាតិអត់អនុវត្តន៍សិទ្ធិអំណាចនេះទៀតទេ»។

បើតាមលោក ចាន់ សុធា ដើម្បីជំរុញប្រសិទ្ធភាពការងារអភិវឌ្ឍនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលមិនត្រឹមតែផ្ទេរសិទ្ធិអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ តែក៏បានបង្កើនខ្ទង់ថវិកាសម្រាប់ចំណាយផងដែរ។ មកដល់ពេលបច្ចុប្បន្នថវិកាជាមធ្យមប្រមាណ ១ពាន់លានដុល្លារត្រូវបានទម្លាក់នៅថ្នាក់ក្រោមជាតិ។

ក្នុងនោះឃុំ សង្កាត់ទូទាំងប្រទេសទទួលបានថវិកាចំនួន ២០៧លានដុល្លារ, ក្រុង ស្រុក ទទួលបានថវិកាចំនួន ១៣៩ លានដុល្លារ និងរាជធានី ខេត្ត ទទួលបានថវិកាប្រមាណ ៦៩៧លានដុល្លារ៕