(សហរដ្ឋអាមេរិក)៖ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទីក្រុង Jacksonville ប្រចាំរដ្ឋផ្លរីដានេះ ប្រារព្ធពិធីខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២២)។

ការប្រារព្ធពិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក កឹម ច័ន្ទដារ៉ា ប្រធានសាខាបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋផ្លរីដា សហរដ្ឋអាមេរិក, លោកកឹម សុបញ្ញា, លោក នូវ ណារា ជាអនុប្រធានសាខា លោក កឹម សិលា ប្រធានយុវជន និងសមាជិកសាខាបក្សទាំងអស់ ព្រមទាំងអ្នកគាំទ្រមកពីមជ្ឈដ្ឋានផ្សេងៗបានចូលរួមយ៉ាងច្រើនកុះករប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាផងដែរ។

នាឱកាសនោះដែរ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋផ្លរីដា បានថ្លែងថាខ្លឹមសារនៃការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីរំលឹកខួបលើកទី៤៣ នៃការរស់រានមានជីវិតសារជាថ្មី របស់ប្រជាជនកម្ពុជាទាំងមូល ឱ្យរួចផុតពីការកាប់សម្លាប់ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក កឹម ច័ន្ទដារ៉ា ក៏បានបានអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសរំលឹកខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩។

ក្នុងអង្គពិធីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រជាជនកម្ពុជាទាំងមូលឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបពួកគាត់មានលទ្ធភាព និងឱកាសមករស់នៅលើទឹកដីសហរដ្ឋអាមេរិកនេះបាន។

ពិសេសជាងនេះទៀត សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់បានគាំទ្រពេញយ៉ាងទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតផងដែរ៕