(បន្ទាយមានជ័យ)៖ កងទ័ពចំណុះឱ្យយោធភូមិភាគទី៥ ដែលកំពុងឈរជើងនៅក្នុងខេត្តបន្ទាយមានជ័យ កំពុងធ្វើសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដូសទី៣ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រោមការបញ្ជាផ្ទាល់របស់ក្រសួងការពារជាតិ។

ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងដូចនឹងការចាក់ដូសទី១ និងទី២ ផងដែរ ក្រុមការងារចាក់វ៉ាក់សាំង បានរៀបចំការចាក់នៅតាមគោលដៅនានាតាមផែនការដែលបានរៀបចំ ហើយក៏មានរៀបចំរថយន្តចល័តទៅចាក់ជូនប្រជាពលរដ្ឋនៅឆ្ងាយៗផងដែរ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដែលអនុវត្តន៍ដោយកងទ័ពនៃយោធភូមិភាគទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តដោយល្អប្រសើរ ហើយក្រុមការងារចាក់វ៉ាក់សាំងក៏បានយកចិត្តទុកដាក់ខ្ពស់លើការងារ ដើម្បីសម្រេចឱ្យបានទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ទោ សេង ធារិន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំង ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ មិនគិតពីការនឿយហត់ បំពេញប្រតិបត្តិការដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរួមចំណែជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឱ្យអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីធ្វើឱ្យប្រព័ន្ធការពាររបស់ខ្លួនកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នៅចំពោះមុខនៃការឆ្លងមេរោគអូមីក្រុងក្នុងសហគមន៍ លោក សេង ធារិន បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញនោះ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនេះ។ ជាពិសេសប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវស្មារតី «៣ការពារ និង៣កុំ» ដើម្បីបញ្ចៀសការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩៕