(ក្រចេះ)៖ កុមារាបងប្អូនភ្លោះអាយុទើប៣ឆ្នាំ បានលង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម ខណៈឪពុកម្តាយរវល់លក់ដូររៀងៗខ្លួន។ ហេតុការណ៍ដ៏គួរឱ្យសោកសៅនេះ បានកើតឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៨៖៣០នាទី នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ហ៊ាន ពេជ្រ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានឱ្យដឹងថា កុមារារងគ្រោះទាំងពីរនាក់នេះ មានឈ្មោះ មុី សោទី និងឈ្មោះ មុី សោទ្រី។ កុមារារងគ្រោះទាំងពីរ មានម្តាយឈ្មោះ វង សុខណា អាយុ ២៨ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ សាយ មុី អាយុ ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី។

លោក ហ៊ាន ពេជ្រ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ឪពុកម្ដាយរបស់កុមារារងគ្រោះទាំងពីររវល់លក់បន្លែ ដោយឪពុកដឹកបន្លែទៅលក់ ហើយម្តាយលក់នៅផ្ទះ។ ដោយសាររវល់លក់បន្លែ ម្តាយភ្លេចមើលកូន ហើយកូនទាំងពីរនាំគ្នាទៅលេងទឹកទន្លេនៅខាងក្រោយផ្ទះចម្ងាយប្រមាណ ១០០ម៉ែត្រ។ ទម្រាំនឹងចាប់អារម្មណ៍ថាបាត់កូន ហើយផ្អើលទៅរកនោះ កុមារាទាំងពីរបានស្លាប់នៅក្នុងទឹកទន្លេបាត់ទៅហើយ។

ដោយយោងទៅតាមការពិនិត្យនៅទីតាំងកើតហេតុ លោក ហ៊ាន ពេជ្រ បានអះអាងថា កុមារារងគ្រោះ គឺពិតជាស្លាប់ដោយការលង់ទឹក មិនមែនជាករណីឃាតកម្មនោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបានឱ្យដឹងថា គ្រួសារជួបរឿងអកុសលនេះ បានរៀបការនឹងគ្នាយូរឆ្នាំហើយមិនមានកូននោះឡើយ ទើបមានកូនភ្លោះនេះតែប៉ុណ្ណោះ។ មរណភាពរបស់កុមារាទាំងពីរ បានធ្វើឱ្យឪពុកម្តាយ និងសាច់ញាតិយំសោកបោកស្តាយស្រណោះកូនជាទីស្រឡាញ់ជាពន់ពេក៕