(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺមួយ ករណីឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ដែលជាពិរុទ្ធជន ក្រោយរូបគេបានលួចរត់ពីការអនុវត្តទោស។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកថ្មីៗនេះ មានការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុន មានសញ្ជាតិខ្មែរ ដែលជាពិរុទ្ធជន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររួចហើយ បែរជាមានសេរីភាពដើរហើរយ៉ាងរំភើយក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ដើម្បីជៀសវាងការភ័ន្តច្រឡំ ពីសាធារណៈជនចំពោះករណីនេះ អ្នកនាំពាក្យនៃអយ្យការ បានបំភ្លឺដូចខាងក្រោម៖

១៖ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុនសញ្ជាតិខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចសេចក្តីចំនួន ០៤(បួន) សំណុំរឿង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារទៅតាមសំណុំរឿងនីមួយៗពី ០១(មួយ)ឆ្នាំ ទៅ ០៤(បួន)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០(មួយរយ)លានរៀល រួចរាល់ហើយ ពីបទឆបោក បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន បទធ្វើអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាប័ណ្ណ និងបទសម្អាតប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៨០ មាត្រា២៣១ មាត្រា ៥២ មាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

២៖ នៅក្នុងអំឡុងពេលនៃការអនុវត្តទោសខាងលើក្នុងពន្ធនាគារ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា មានបញ្ហាសុខភាព ដែលតម្រូវឲ្យទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទីយប់ ពិរុទ្ធជននេះបានធ្វើសកម្មភាពលួចរត់គេចខ្លួនពីបន្ទប់ព្យាបាលតែម្តង។ ផ្អែកលើអង្គហេតុនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជា ស្វែងរកចាប់ខ្លួន លេខ ០១៩ អយឃ ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២១។ លុះមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនពិរុទ្ធជន កុនណុ កក្កដា តាមអំណាចនៃដីកាខាងលើ រួចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ អំពើគេចចេញពីកន្លែងព្យាបាលរបស់ពិរុទ្ធជននេះគឺជាបទល្មើសព្រហ្មទណ្ឌ «លួចរត់» ហើយតំណាងអយ្យការក៏បានបើកការស៊ើបសួរតាមរយៈដីកាបញ្ជូនរឿងឲ្យស៉ើបសួរលេខ ១៣៦ អយឃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទៅចៅក្រមស៉ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយផងដែរ។

សូមជម្រាបថា ពិរុទ្ធជនខាងលើនេះ បានបោកប្រាក់ថវិការបស់ប្រជាជនខ្មែរ ប្រមាណ ១០លានដុល្លារឯណោះ៕