(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីរស់នៅជាអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររបស់លោក។

លោក យឹម ស៊ីណន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «ការវិលត្រឡប់ទៅរស់នៅកម្ពុជាវិញនេះ អត់មានមូលហេតុអីផ្សេងក្រៅពីការ ចង់រស់នៅជុំក្រុមគ្រួសារ លើទឹកដីកំណើតជាទីស្រឡាញ់របស់ខ្ញុំនោះទេ។ ព្រោះខ្ញុំមិនដែលមានបំណងចង់រស់នៅប្រទេសទី២ ឬទី៣ ក្រៅពីកម្ពុជានោះទេ»

លោក យឹម ស៊ីណន បានចូលរួមបង្កើត និងដឹកនាំចលនាយុវជនក្រុមប្រឆាំងរយៈពេលប្រមាណ១០ឆ្នាំកន្លងមក។ ក្រោយមកលោកបានលាលែងពីតំណែងនេះវិញ ស្របពេលដែលក្រុមប្រឆាំងបែកបាក់គ្នា។ នាថ្មីៗនេះ លោកបានចេញមុខបកអាក្រាតអំពីអំពើក្បត់របស់ លោក សម រង្ស៉ី ដែលធ្វើឡើងម្តងហើយម្តងទៀត ក្នុងការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការវិលត្រឡប់នេះ លោក យឹម ស៊ីណន នៅតែបន្តធ្វើនយោបាយសម្រាប់បម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន ប៉ុន្តែលោកអះអាងថា នឹងរង់ចាំមើលស្ថានការណ៍ធូរស្រាលមួយកម្រិត។

លោកបញ្ជាក់ដូច្នេះថា៖ «ដូច្នេះសម្រាប់ជំហរ រួមផ្សំនឹងការស្រឡាញ់វិស័យនយោបាយផងនោះ ខ្ញុំនៅតែបន្តធ្វើនយោបាយសម្រាប់បម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែក្នុងស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងស្ថិតក្នុងជម្លោះនៃការខ្វែងទស្សនៈគ្នាបង្កជាកម្តៅឆេះរោលបែបនេះ ខ្ញុំមិនទាន់មានគោលដៅក្នុងការប្រឡូកក្នុងនយោបាយ នៅឡើយទេ ខ្ញុំនឹងរង់ចាំមើលស្ថានការណ៍ធូរស្រាយបន្តិចសិនចាំគិតទៀត។ ម្យ៉ាងវិញទៀតដោយសារបែកពីគ្រួសារយូរ ខ្ញុំចង់យកពេលវេលាឲ្យបានច្រើន ដើម្បីនៅជាមួយគ្រួសារមួយរយៈផងដែរ»

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក យឹម ស៊ីណន បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា របស់ លោក សម រង្ស៉ី។ លិខិតរបស់លោក យឹម ស៊ីណន ត្រូវបានសម្តេចតេជោប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើល និងដោះស្រាយ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោក យឹម ស៊ីណន និងបក្ខពួក (សរុបទាំង១០នាក់) តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ដោយក្នុងនោះរួមមាន៖ ១៖ យឹម ស៊ីណន ២៖ មាស ពិសាល ៣៖ រស់ សុផល ៤៖ សុខ រដ្ឋា ៥៖ យ៉ង់ ស៉ីណេត ៦៖ ឈុន ប៊ុនហ៊ា ៧៖ ថុង ហូច ៨៖ ទឹម វណ្ណី ៩៖ ព្រុំ សុខា ១០៖ ព្រីង ឆេង។ ដូច្នេះលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួន មានសេរីភាពពេញលេញ ក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា៕