(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាពលួចថតស្ត្រីម្នាក់កំពុងងូតទឹក នៅក្នុងបន្ទប់ទឹក។ នេះបើតាមការឲ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ថ្លែងបញ្ជាក់មកកាន់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យដដែលបញ្ជាក់ថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ជនសង្ស័យ ពីបទ «ប៉ះពាល់ដល់សិទ្ធិនៃរូបភាពបុគ្គល» ដែលជាបទល្មើលចាំបាច់ត្រូវសម្រេចឃុំខ្លួនក្នុងពន្ធនាគារ។

សូមជម្រាបថា នគរបាលសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ប្ដឹងថា មានគេលួចថតរូបគាត់ពេលកំពុងងូតទឹកក្នុងបន្ទប់ទឹក។ ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៥៖៥៥នាទី នៅចំណុចបន្ទប់ទឹកជនផ្ទះជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មសធ អាយុ២០ឆ្នាំ រីឯជនសង្ស័យឈ្មោះ អ៉ិន ធី ហៅខ្លី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រមួយកន្លែង។

នគរបាលរៀបរាប់ដំណើររឿងថា សភាពនៃរឿងហេតុថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា បានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះដែរ ហើយបានដាក់ទូរសព្ទលួចថតរូបតាមប្រហោងឥដ្ឋ។

ពេលនោះ ត្រូវបានជនរងគ្រោះឃើញទូរសព្ទ សង្ស័យគេលួចថតក៏ទាញយកទូរសព្ទនោះមកមើលឃើញរូបខ្លួនជាប់ក្នុងទូរសព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ ជនសង្ស័យបានមកសុំទូរសព្ទពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះ ខណៈជនរងគ្រោះបានលុបរូបភាពចេញរួច ឲ្យទូរសព្ទទៅជនសង្ស័យវិញ។

នៅពេលជនសង្ស័យទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរតែម្តង។ លុះពេលជនសង្ស័យចេញពីធ្វើការវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ រួចបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី។

មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ បញ្ញត្តិថា «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គល នេះមិនបានជំទាស់ទេនោះ»