(ភ្នំពេញ)៖ រាជរដ្ឋាភិបាលប្រទេសជប៉ុន កំពុងពិចារណាផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះមីន និងវិស័យផ្សេងៗទៀត។

បំណងនេះបង្ហាញឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ជួបសន្ទនាគ្នាតាមទូរសព្ទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ថែមលើជំនួយកន្លងមក របស់ជប៉ុនចំពោះកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្នូលនៃប្រទេសកម្ពុជា និងលើវិស័យផ្សេងៗទៀត លោក ហាយ៉ាហ្ស៊ី បានជម្រាបជូន លោក ប្រាក់ សុខុន ថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោមវិស័យផ្សេងទៀត»

ក្រសួងការបរទេស បញ្ជាក់ទៀតថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងជំនួយដ៏ថ្លៃថ្លា ក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលនេះ៕