(ភ្នំពេញ)៖ រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមបញ្ជាក់ឲ្យដឹងពីបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីថ្ងៃចាប់ផ្តើមអនុវត្តយុទ្ធនាការប្រមូលពន្ធ និងអាករនាខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានការបង់ពន្ធ រថយន្តចង្កូតឆ្វេង ចំនួន ២៤០៤គ្រឿង ដោយប្រមូលបានចំណូលថវិកាជាតិ ចំនួនប្រមាណ ២៩.៥៣ លានដុល្លារ និងទទួលប្រាក់កក់លើរថយន្តចង្កូតស្តាំ ចំនួន៣,០៣៧គ្រឿង ដោយទទួលប្រាក់កក់ចំនួន ប្រមាណ២០.០៣លានដុល្លារ។ សរុបទាំងរថយន្តចង្កូតឆ្វេង និងរថយន្តស្ដាំបានចំនួន៥,៤៤១គ្រឿង ជាមួយនឹងទឹកប្រាក់៤៩.៥៦លានដុល្លារ»

បណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានដំបូងដែលថា មានរថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ប្រមាណជិត១០,០០០គ្រឿង។ ដូច្នេះលទ្ធផលត្រឹមដំណាច់ ខែធ្នូ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចវាយតម្លៃថា សម្រេចបានជាង៥០%ហើយ។

បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាប់ផ្តើមឡើងវិញ នូវការបង្ក្រាបរថយន្តគ្មានពន្ធ តាមដងផ្លូវសាធារណៈជាបណ្តើរៗ។ ក្នុងករណីបង្ក្រាបបាន ម្ចាស់រថយន្តត្រូវបង់ពន្ធអាករ និងប្រាក់ពិន័យផង។ នេះជាវិធានការបន្ថែម ដើម្បីជំរុញឲ្យម្ចាស់រថយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយស្ម័គ្រចិត្ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕