(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមអនុវត្តគម្រោង «បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា» ដែលនឹងត្រូវអនុវត្តរយៈពេល២ឆ្នាំ គិតចាប់ពី ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដាក់ចេញអនុសាសន៍ណែនាំចំនួន៦ចំណុច ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីតំណាងកម្មវិធីជាតិសុខភាពភ្នែក អន្តរក្រសួងរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី, ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ទីរសុខភិបាលក្នុងខេត្តគោលដៅទូទាំង១៦ រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ឧត្តរមានជ័យ ព្រះសីហនុ ព្រះវិហារ ព្រៃវែង រតនគីរី សៀមរាប ស្វាយរៀង និងត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីអង្គការដៃគូ ផ្នែកសុខភាពភ្នែក និងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួន ៩០រូប។

កិច្ចប្រជុំនេះមានគោលបំណងចំបងៗរួមមាន ១៖ លើកកម្ពស់ការយល់ដឹងរបស់ដៃគូរបស់គម្រោងនេះ លើទិដ្ឋភាពរួមនៃគម្រោងគោលដៅ ផែនការថវិកា សូចនាករគោល និងយន្តការក្នុងការរាយការណ៍ នៃការអនុវត្តគម្រោង, ២៖ បទបង្ហាញស្តីពីគោលការណ៍ណែនាំសម្រាប់ដៃគូវិធាន និងនីតិវិធីអនុវត្ត និង៣៖ ពិភាក្សា ដើម្បីប្រមូលមតិ កែលម្អ និងចងក្រងអនុសាសន៍លើការប្រតិបត្តិការមណ្ឌលស្តារគំហើញ ជាពិសេសមណ្ឌលស្តារគំហើញ នៅតាមបណ្តាខេត្តគោលដៅអំពីដំណើរការទូទៅ ប្រព័ន្ធហិរញ្ញវត្ថុលទ្ធកម្មស្តុក ប្រសិទ្ធភាពនិងចិរភាព។

លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី បានឱ្យដឹងថា បញ្ហាកំហុសកំណុំរូបភាព Refractive Error (ឬហៅសាមញ្ញថា បញ្ហាភ្នែកម៉្ញូប) ជាក្តីកង្វល់រួម ហើយនៅតែជាបញ្ហា សុខភាព សាធាណៈ និងជាមូលហេតុចម្បងដែលនាំឲ្យគំហើញថយចុះ និងឈានដល់ពិការភាពភ្នែក បើសិនមិនបានកែតម្រូវបានទាន់ពេលនិងត្រឹមត្រូវ។ ទន្ទឹមនឹងនេះទីភ្នាក់ងារ អន្តរជាតិ សម្រាប់ការការពារភាពពិការភ្នែក (IAPB) និងអង្គការសុខភាពពិភពលោក (WHO) បានដាក់គោលដៅសុខភាពភ្នែកដ៏មានមហិច្ឆតាថ្មីចំនួន២ នៅឆ្នាំ២០៣០ ក្នុងការដោះស្រាយមូលហេតុចម្បងនៃភាពពិការភ្នែក និងបញ្ហាគំហើញថយចុះ ដែលបណ្តាលមកពីជំងឺបាយភ្នែក និងបញ្ហាកំហុសកំណុំរូបភាពនេះ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ថ្មីៗនេះក្រសួងបានគិតគូ និងខិតខំជំរុញការដាក់ផែនការសុខភាពភ្នែកទៅក្នុងផែនការសុខភាពថ្នាក់ក្រោមជាតិ សំដៅដល់ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិដើម្បីបង្ការ និងគ្រប់គ្រងភាពពិការភ្នែក និងជំរុញគាំទ្រដល់ការសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២១-២០៣០ (HSP4)។ ក្នុងន័យនេះក្រសួងសុខាភិបាល ដែលមានកម្មវិធីជាតិសុខភាពភ្នែកជាសេនាធិការ ប្តេជ្ញានឹងបង្កើនការគ្របដណ្តប់ ប្រកបដោយប្រសិទ្ធភាពនៃបញ្ហាកំហុសកំណុំរូបភាព នៅត្រឹមឆ្នាំ២០៣០ និងការគ្របដណ្តប់ប្រកបដោយប្រសិទ្ធភាពនៃការវះកាត់ជំងឺបាយភ្នែក។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី ក៏បានផ្តល់អនុសាស៍មួយចំនួនដល់អង្គប្រជុំដោយផ្តោតលើចំនុចដូចខាងក្រោម ៖

* ទី១៖ ពិភាក្សារកវិធីសាស្រ្ត ក្នុងការប្រតិបត្តិមណ្ឌលស្តារគំហើញប្រកបដោយប្រសិទ្ធិភាពស្របតាមធនធាន នៅមូលដ្ឋានរបស់ខ្លួន ទាំងពេលគម្រោងអនុវត្តនិងអនាគត។
* ទី២៖ ពិនិត្យលទ្ធភាព ដាក់បញ្ជូលផែនការសុខភាពភ្នែក រួមទាំងផែនការថវិកាទៅក្នុងផែនការសុខភាពថ្នាក់មូលដ្ឋានឱ្យបានជាប្រចាំ។
* ទី៣៖ ដាក់បញ្ចូលសូចនាករសុខភាពភ្នែក ចម្បងៗទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល។
* ទី៤៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកសុខភាពភ្នែក ដើម្បីប្រមូលទិន្នន័យភស្តុតាង ក្នុងការធ្វើផែនការ និងការរៀបចំគោលនយោបាយអន្តរាគមន៍សុខភាពភ្នែក។
* ទី៥៖ មន្ទីរសុខាភិបាល ពិសេសគ្រឹស្ថានសុខាភិបាលថ្នាក់ក្រោមជាតិ បន្តកិច្ចសហការល្អ ជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍលើកកម្ពស់ការងារសុខភាពភ្នែក នៅថ្នាក់មូលដ្ឋានរបស់ខ្លួន។
* ទី៦៖ អំពាវនាវដល់ម្ចាស់ជំនួយ (Donors) ជាឧទាហរណ៍ USAID បន្តផ្តល់ជំនួយគាំទ្រ ដើម្បីអាចរួមគ្នា បង្ការនិងទប់ស្កាត់ ភាពពិការភ្នែកដែលអាចជៀសវាង បាននៅកម្ពុជា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានប្រព្រឹតទៅតាមកម្មវិធីរំពឹងទុក ដោយបានបង្ហាញនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖ ទី១៖ ការធ្វើបទបង្ហាញរបស់តំណាង កម្មវិធីជាតិសុខភាពភ្នែក ស្តីពីទិដ្ឋភាពរួមរបស់គម្រោងនេះ ក្នុងវិស័យសុខាភិបាល សាវតា គម្រោងដៃគូ គោលដៅ គោលបំណង តំបន់គោលដៅ សកម្មភាពចម្បង និងការគ្រប់គ្រោងហានិភ័យ។ ទី២៖ បទបង្ហាញស្តីពី ទិដ្ឋភាពរួមរបស់គម្រោងនេះក្នុងវិស័យអប់រំ។ ទី៣៖ បទបង្ហាញស្តីពី «គោលការណ៍ណែនាំសម្រាប់ដៃគូ»។ ទី៤៖ បទបង្ហាញស្តីពីការត្រួតពិនិត្យ តាមដាន និងរបាយការណ៍ សូចនាករដៅរបាយការណ៍សកម្មភាព និងការចងក្រងករណីសិក្សា។ ទី៥៖ បទបង្ហាញរបស់អគ្គលេខាធិការ រងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ស្តីពីស្តីពីការប្រមូលព័ត៌មានទាក់ទង និងពិការភាព ផ្អែកតាមកញ្ចប់សំណួរវ៉ាស៊ីនតោន។ ទី៦៖ បទបង្ហាញ របស់ នាយកដ្ឋានស្រ្តី និងសុខភាព ក្រសួងកិច្ចការនារី ស្តីពី នារីរតនៈ។ ទី៥៖ ផែនការយុទ្ធសាស្រ្ត ការបញ្ជ្រាប និងការលើកកម្ពស់សមភាពយេនឌ័រ និងសុខភាពភ្នែក៕