(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពអ្នកដោះ ដែលបានស្លាប់ដោយសារការផ្ទុះមីនតោនក្នុងបេសកកម្មកម្ទេចមីននៅខេត្តព្រះវិហារកាលពីថ្ងៃទី១០កន្លងទៅ។

លោក គុជ លីណា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្ត អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់នៃសព។

ក្នុងឱកាសចូលរួមពិធីបុណ្យសពជនរងគ្រោះពីរនាក់ ក្នុងចំណោមបីនាក់ ដែលមានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប លោក គុជ លីណា បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមកុំអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមើលថែកូនៗ ដើម្បីអនាគតពួកគាត់តទៅថ្ងៃមុខ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីខានឡើយ។

ជាមួយគ្នានោះ លោក គុជ លីណា ក៏បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ ក្នុងមួយសពទទួលបាន អង្ករ៣០គីឡូក្រោម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២លានរៀល។

គួរបញ្ជាក់ផងដែរ ក្នុងករណីផ្ទុះគ្រាប់មីនតោន បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតបីនាក់នេះ មានពីរនាក់ រស់នៅក្នុងខេត្តសៀមរាប។ ក្នុងនោះជនរងគ្រោះឈ្មោះ ម៉ា ស៊ីម៉េត អាយុ ៣៣ឆ្នាំ រស់នៅភូមិប៉ោយស្មាច់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងជនរងគ្រោះឈ្មោះ ម៉ន ចក់ អាយុ ៣៧ឆ្នាំ រស់នៅភូមិសំរោងត្បួង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕