(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.) ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក.ជ.វ.ប.ន. នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាអនុប្រធាន និងសមាជិកនៃ ក.ជ.វ.ប.ន. និងគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ ក.ជ.វ.ប.ន.។ កិច្ចប្រជុំលើក ទី២នេះ បានដំណើរការក្រោមកិច្ចសម្របសម្រួល និងរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃ ក.ជ.វ.ប.ន.។

កិច្ចប្រជុំនេះបានពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារដែលបានសម្រេច និងជំរុញអនុវត្តកាលពីកិច្ចប្រជុំលើកទី១ និងបានវាយតម្លៃខ្ពស់លើលទ្ធផលដែលទទួលបានផ្សេងៗជាអាទិ៍ ការអភិវឌ្ឍ «របៀបវារៈស្រាវជ្រាវជាតិ», ការអនុវត្តគម្រោង «ហ្គោស្ពីន (GO-SPIN)», ការរៀបចំបញ្ជីធនធានមនុស្ស (បញ្ជីសារពើភណ្ឌ) ជាអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ សុខាភិបាល និងកសិកម្ម។

កិច្ចប្រជុំបានអនុម័តលើគំនិតផ្តួចផ្តើមបន្ទាន់មួយចំនួនដែលបាននិងកំពុងដើរតួនាទីជាស្នូលដល់វឌ្ឍនភាពវិស័យ វ.ប.ន. កម្ពុជា រួមមាន៖ របាយការណ៍ វ.ប.ន. ឆ្នាំ២០២១, ក្រមសីលធម៌ស្រាវជ្រាវ, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល, ការអនុវត្តគម្រោង «ការវាយតម្លៃតម្រូវការបច្ចេកវិទ្យា», ការអនុវត្តគម្រោង «មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា អាស៊ាន», និងការបង្កើតឱ្យមានទិវាជាតិ វ.ប.ន. ជាដើម។

កិច្ចប្រជុំបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើគំនិតផ្តួចផ្តើមថ្មីៗដែលជាទស្សនៈវិស័យរបស់ ក.ជ.វ.ប.ន. ក្នុងការរៀបចំបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រ, ការរៀបចំគោលនយោបាយនវានុវត្តន៍ឧស្សាហកម្មកម្ពុជា, ការអង្កេតថ្នាក់ជាតិស្តីពី វ.ប.ន., ការរៀបចំបង្កើតសួន វ.ប.ន., ការពង្រឹងនិងលើកតម្កើងស្ទែម (STEM) ក្នុងចំណោមយុវជន, និងការទាក់ទាញបុគ្គលដែលមានទេពកោសល្យពីបរទេស (Talent Grant In)។ ការណ៍នេះ មានគោលដៅចូលរួមជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើសារៈសំខាន់នៃការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្នុងក្របខណ្ឌជាតិ និងបានបង្ហាញពីស្មារតីគាំទ្រ ចូលរួមសហការពិនិត្យ និងផ្តល់ធាតុចូលបន្ថែមក្នុងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ។

ជាចុងបញ្ចប់ កិច្ចប្រជុំបានវាយតម្លៃខ្ពស់លើកិច្ចការដែលសម្រេចបាន, ការងារកំពុងអនុវត្ត និងតម្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ី វ.ប.ន. ជាតិ និងជំរុញ​ឱ្យមានការលើកទឹកចិត្តបន្ថែមទៀតលើការវិនិយោគឱ្យមានហេដ្ឋារចនាសម្ព័ន្ធសមស្រប និងការផ្តល់មូលនិធិគ្រប់គ្រាន់ សម្រាប់គាំទ្រសកម្មភាពជំរុញវិស័យ វ.ប.ន. ឱ្យក្លាយជាឆ្អឹងខ្នងនៃវឌ្ឍនភាព សេដ្ឋកិច្ចសង្គមដូចប្រទេសអភិវឌ្ឍន៍នានា៕