(ពោធិ៍សាត់)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានបន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ នៅមណ្ឌលសុខភាពវត្តហ្លូង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារគណៈកម្មការចំពោះកិច្ច ព្រមទាំងមន្ដ្រីសុខាភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរពាក់ព័ន្ធផ្សេងទៀតផងដែរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើមិត្តជាមួយវ៉ាក់សាំង ពោលមិនត្រូវធ្វើសត្រូវជាមួយវ៉ាក់សាំងនោះទេ ហើយសម្រាប់អ្នកដែលមិនទាន់បានចាក់គ្រប់ដូសមូលដ្ឋាន ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាលតែម្ដង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានរំលឹកដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីយកឈ្នះលើជំងឹកូវីដ១៩ ខណៈបច្ចុប្បន្នជំងឺបំប្លែងខ្លួនថ្មី បានឆ្លងចូលក្នុងសហគមន៍ប្រទេសកម្ពុជា ដែលជាបញ្ហាប្រឈមថ្មីបន្ថែមទៀតសម្រាប់កម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ម្សិលមិញ លោកស្រី ឱ វណ្ណឌីន ទើបបានបញ្ចប់ដំណើរទស្សនកិច្ចពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសមូលដ្ឋាន និងដូសជំរុញ នៅស្រុកបវេល ស្រុកថ្មគោល និងស្រុកសង្កែ ខេត្តបាត់ដំបង៕