(ភ្នំពេញ)៖ លោក នៅ ឌឹម មេឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានការចាប់អារម្មណ៍លើរូបខ្លាំងនៅក្នុងសន្និសីទព័ត៌មានស្តីពីការអភិវឌ្ឍឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការចាប់អារម្មណ៍នេះ បានកើតមានឡើងបន្ទាប់ពីរូបលោកបង្ហាញនូវការងារមួយចំនួន ដែលលោកបានធ្វើដើម្បីប្រជាពលរដ្ឋទាំងការផ្តល់សេវា និងការអភិវឌ្ឍនៅក្នុងឃុំ ហើយធ្វើឱ្យរូបលោកទទួលបានការគាំទ្រ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ឃុំវល្លិសរ ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្ថិតនៅភាគឦសាននៃទីរួមខេត្តកំពង់ស្ពឺ។ ឃុំនេះ មានផ្ទៃដីសរុបជិត ៣ពាន់ហិកតា មានភូមិចំនួន ២៣ភូមិ មានប្រជាពលរដ្ឋ ៣,៣៨២គ្រួសារ ស្មើនឹង ១៥,២២៧នាក់ ស្រី ៧,៩៣៤នាក់។

ឃុំវល្លិសរ អាចរាប់ថា ជាឃុំគំរូមួយនៅក្នុងខេត្តកំពង់ស្ពឺ ហើយមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ភាពរីកចម្រើនរបស់ឃុំនេះ គឺទទួលបានពីការដាក់ចេញនូវគោលនយោបាយនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ខេត្ត តែភាពរីកចម្រើននៅក្នុងឃុំ ក៏ទទួលបានពីការចូលរួមចំណែកដ៏សំខាន់ផងដែរ ពីសំណាក់មេឃុំ និងក្រុមប្រឹក្សាឃុំ ដែលកើតចេញពីការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។

លោក នៅ ឌឹម ជាមេឃុំ ក្នុងឃុំវល្លិសរ មកពីគណបក្សប្រជាជនកម្ពុជា។ លោកឈរឈ្មោះ និងបានបម្រើការងារនៅក្នុងឃុំវល្លិសរអស់រយៈពេល៤អាណត្តិហើយ។ ក្នុងអាណត្តិថ្មីនេះ លោក នៅ ឌឹម ក៏ទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា ហើយបានជ្រើសតាំងរូបលោកជាបេក្ខភាពមេឃុំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំវល្លិសរនេះផងដែរ។

ការសម្រេចជ្រើសតាំងលោក នៅ ឌឹម ជាបេក្ខជនលេខរៀងទី១ នៅក្នុងឃុំវល្លិសរ ពីសំណាក់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពិនិត្យឃើញនូវការបំពេញការងារដ៏ល្អប្រសើរ ជាពិសេសការទទួលបាននូវការគោរពស្រឡាញ់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងឃុំតែម្តង។

ឆ្លើយតបនឹងសំណួរថា មានយុទ្ធសាស្ត្រអ្វីដែលនាំឱ្យលោកមេឃុំទទួលបានការគាំទ្រ និងការស្រឡាញ់ពីប្រជាពលរដ្ឋនោះ? លោក នៅ ឌឹម បានចែករំលែកបទពិសោធន៍ជាច្រើន ដែលបានបំពេញនៅក្នុងឃុំរបស់លោករយៈពេលប្រមាណ ២០ឆ្នាំកន្លងមកនេះ។

លោក នៅ ឌឹម បានបានចែករំលែកកត្តាដែលនាំឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងគាំទ្រនោះ គឺការប្រឹងប្រែងក្នុងការអភិវឌ្ឍក្នុងឃុំ និងការយកចិត្តទុកដាក់លើការផ្តល់សេវាឱ្យបានលឿនរហ័ស។ ក្រៅតែពីកត្តាទាំងពីរចំណុចនេះ លោក នៅ ឌឹម ថែមទាំងមានរៀបចំស្បៀងតម្កល់ទុកនៅសាលាឃុំ ដើម្បីចែកជូនប្រជាពលរដ្ឋពេលជួបការខ្វះខាតថែមទៀតផង។

លោក នៅ ឌឹម បានអះអាងបែបនេះ «ការបម្រើប្រជាពលរដ្ឋត្រូវធ្វើម៉េចឱ្យបានរហ័សលឿនបំផុតកៀកកិតនឹងប្រជាពលរដ្ឋចង់បានតែប៉ុណ្ណឹងទេ។ [...] ការផ្តល់សេវានេះ វាមានលក្ខណៈច្រើនណាស់ប្រជាពលរដ្ឋគាត់មករខេករខាក ក្នុងនាមយើងជាមេឃុំ ជាក្រុមប្រឹក្សា ជាស្មៀន មិនបានស្វាគមន៍គាត់ទេ ខ្លះយូរបន្តិចក៏ថ្នាំងថ្នាក់ដែរ»

លោកមេឃុំមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានចែករំលែកទៀតថា «អ៊ីចឹងធ្វើមេឃុំ ធ្វើក្រុមប្រឹក្សាឃុំ ធ្វើស្មៀនត្រូវតែមានការបត់បែនតាមគាត់ទាំងអស់បានទៅរួច ហើយបើយើងរឹងកំព្រឹស តាមម៉ោង តាមពេល ម៉ោង៧ ម៉ោង៨ចូល ហើយម៉ោង១១ចេញ ម៉ោង២ចូល ម៉ោង៥ចេញទេ អត់ទាញសន្លឹកឆ្នោតបានទេ អត់ទាញទឹកចិត្តគាត់បានទេ។ ធ្វើមេឃុំទាល់តែឱនក្រាបជាមួយគាត់ហ្មង ខ្ញុំអត់ដឹងថាចាស់ ឬទុំទេ តែប្រជាពលរដ្ឋទាំងអស់ភាគច្រើនហៅខ្ញុំតែឪៗ ចំណាស់ប៉ុន្មានក៏ហៅឪដែរ»

លោក នៅ ឌឹម បានបញ្ជាក់ថា តាមរយៈសកម្មភាពបម្រើប្រជាពលរដ្ឋនេះ លោកមិនដែលបារម្ភពីការបរាជ័យលើការបោះឆ្នោតនៅក្នុងឃុំរបស់លោកនោះឡើយ។ លោក បានគូសបញ្ជាក់ដូច្នេះ «ការបោះឆ្នោតខ្ញុំអត់បារម្ភទេ ដោយសារអី? ដោយសារយើងដឹងទឹកចិត្តប្រជាពលរដ្ឋ អត់បារម្ភ ខ្លាចអីទេ ៩ លើ៩ ដឹងតែអ៊ីចឹងហ្មង»