(ភ្នំពេញ)៖ លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកល បានផ្ញើសារមួយ សម្តែងការគាំទ្រ និងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយជោគជ័យ។

តាមរយៈលិខិតរបស់ខ្លួន លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ បានលើកឡើងថា វិបត្តិនៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់ជាសាកល ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចៀសស្ថានការណ៍នេះគឺពិតជាចាំបាច់ខ្លាំង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងសម្ដេច ហ៊ុន សែន វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ កំពុងបានធ្វើឡើងឈាងឆ្ពោះទៅរកដំណោះស្រាយនៃវិបត្តិបច្ចុប្បន្ននេះ។

សហព័ន្ធសន្តិភាពសកល ក៏សម្តែងការអបអរសាទរដល់លទ្ធផលនៃបេសកកម្មសន្តិភាព ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម អនុម័តកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយដែលបានបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សានិងសន្តិភាព នៅមីយ៉ាន់ម៉ា។

សហព័ន្ធសន្តិភាពសកល សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះលទ្ធផលនិងការ ព្រមព្រៀងគ្នា រួមមាន៖

១៖ ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២

២៖ ការព្រមព្រៀងអនុញ្ញាតឱ្យប្រេសិតពិសេសជួបជាមួយគ្រប់ភាគីជម្លោះ

៣៖ ការព្រមព្រៀងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ សហព័ន្ធសន្តិភាពសកល សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង៕