(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤ ឆ្នាំ២០២២ បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ នៅទីលាន R & F City Sport Club ដោយមានគណៈកម្មការ និងកីឡាករ-កីឡាការិនី ដែលជាអ្នកច្បាប់បម្រើការងារក្នុងវិស័យយុត្ដិធម៌ប្រមាណ ២០០នាក់ចូលរួម ។

ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងលោក អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងកីឡាករ-កីឡាការិនី ដែលជាអ្នកបម្រើក្នុងវិស័យយុត្តិធម៌ជាច្រើនទៀត ។

លោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤ បានឲ្យដឹងថា ការប្រកួតនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ដែលសុទ្ធសឹងជាអ្នកធ្វើការក្នុងវិស័យយុត្តិធម៌ ដូចជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី និងមន្ដ្រីច្បាប់ផ្សេងៗទៀត ។

លោកថា «គោលបំណងសំខាន់ នៃកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យបងប្អូនអ្នកច្បាប់ក្នុងវិស័យយុត្តិធម៌ទាំងអស់ បានជួបជុំគ្នាលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ រឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងទំនាក់ទំនងការងារប្រចាំថ្ងៃកាន់តែល្អប្រសើ ។ មិនតែប៉ុណ្ណោះ ក៏ដើម្បីរួមចំណែកបំផុសកម្មភាពលេងកីឡាវាយសី និងរួមចំណែកលើកស្ទួយវិស័យជាតិជាមួយរាជរដ្ឋាភិបាលផងដែរ»

ប្រធានគណៈកម្មការរៀបចំការប្រកួតដដែលបន្ដថា ទោះបីកីឡាករ-កីឡាការិនីចូលរួម មិនមែនជាអ្នកជីព តែតាមរយៈការប្រកួតនេះ លោកសង្ឃឹមថា នឹងក្លាយជាផ្នែកមួយ រួមចំណែកជាមួយរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការជាតិ ប្រជាជនម្នាក់ លេងកីឡាមួយមុខ ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ។

លោកបន្ថែមថា ការប្រកួតនេះ បែងចែកជា ២ផ្នែកធំៗ ទី១-ក្រុមជ័យលាភី មាន ៥០គូ ស្មើនឹង ១០០នាក់ចូលរួម ។ ពានរង្វាន់ក្រុមជ័យលាភី ចែកចេញជា ២ ដោយក្រុមទទួលបានជ័យជម្នះក្នុងការប្រកួតជម្រុះដំបូង នឹងឡើងទៅប្រកួតជាមួយក្រុមឈ្នះដូចគ្នា ដើម្បីបន្ដការប្រកួតជម្រុះដណ្ដើមជ័យលាភីលេខ១ លេខ២ និងលេខ៣ ស្ទួន ។ រីឯក្រុមចាញ់វិញ ត្រូវប្រកួតជម្រុះជាមួយក្រុមចាញ់ដូចគ្នា ដើម្បីចម្រាញ់រកក្រុមជ័យលាភី ១ក្រុម ។

ទី២-ការប្រកួតពានរង្វាន់ All Stars ដែលមាន ២៤គូ ស្មើនឹង ៤៨នាក់ចូលរួម ។ ទន្ទឹមជាមួយគ្នា គណៈកម្មការក៏នឹងរៀបចំពានរង្វាន់មិត្តភាពកិត្តិយសពិសេសមួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ក្នុងនោះក៏មានវត្តមានលោកមេធាវី គី តិច ចូលរួមប្រកួតផ្ទាល់ផងដែរ ។

គួរដឹងថា ការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤ រយៈពេល ៤ថ្ងៃនេះ ទទួលបានការគាំទ្រ និងសហការជាច្រើនពីស្ថាប័នរដ្ឋ និងឯកជន ក្នុងអង្គភាពសារព័ត៌មាន Fresh News របស់យើង ក៏បានចូលរួមសហការរៀបចំក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ ៕