(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះពិនិត្យ ពិភាក្សា ស្ដីពីបញ្ហាទំនាស់ដីទំហំ៧៤២.២៦ហិកតា រវាងក្រុមហ៊ុនពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ១២ភូមិ នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពលោក ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក យឹម ផែន អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលស្រុកអូរជុំ និងស្រុកអណ្ដូងមាស ក្រុមការងារក្រសួងកសិកម្ម នាយករងរដ្ឋបាល នាយកទីចាត់ការអន្ដរវិស័យ តំណាងក្រុមហ៊ុនពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថាន កសិកម្ម និងមន្ទីរដែនដី តំណាងការិយាល័យCAO មន្រ្ដីពាក់ព័ន្ធ និងតំណាងពលរដ្ឋជាច្រើនរូបផងដែរ។

លោក យឹម ផែន បានថ្លែងអំណរគុណតំណាងក្រុមហ៊ុន តំណាងសហគមន៍ទាំង១២ភូមិ តំណាងការិយាល័យ CAO និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គភាពជំនាញទាំងអស់ ដែលបានសហការគ្នា ក្នុងការដោះស្រាយបញ្ហាដែលកើត មានឡើងនាពេលកន្លងមក រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលបានដោះស្រាយនូវទុក្ខកង្វល់ ផលលំបាក ក៏ដូចជាស្របតាមសំណូមពរ របស់សហគមន៍ និងក្រុមហ៊ុនពាក់ព័ន្ធ។

ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលមកពី១២ភូមិ បានសម្ដែងអារម្មណ៍សប្បាយរីករាយ ដែលបានចូល រួមកិច្ចប្រជុំនាឱកាសនេះ និងបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហា ប្រឈមនានា ជូនសហគមន៍របស់ពួកគាត់ និងសង្ឃឹមថាបញ្ហានេះ នឹងដោះស្រាយបានរួចរាល់នាពេលឆាប់ៗ ខាងមុខនេះ។

បន្ទាប់ពីបានស្ដាប់នូវរាល់មតិរបស់តំណាងក្រុមហ៊ុន តំណាងសហគមន៍ និងតំណាងការិយាល័យCAOលោកហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរុបនូវលទ្ធផល និងលើកឡើងថា ដីដែលពាក់ព័ន្ធខាងលើ ត្រូវរងចាំអោយមានការរៀបចំធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋឲ្យរួចរាល់សិន ទើបប្រជាពលរដ្ឋអាចប្រើប្រាស់បាន។ ចំពោះផ្ទៃដីដែលស្នើសុំកាត់ ៧៤២.២៦ហិកតា ក្នុងនោះផ្ទៃដី៧១០ហិកតា ភាគីទាំងពីរបានឯកភាពគ្នារួចរាល់ ប៉ុន្ដែមិនទាន់មានឯកសារ ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនៅឡើយទេ។

ដោយឡែកផ្ទៃដី ដែលនៅសល់ចំនួន៣២.២៦ហិកតា ក្រុមហ៊ុន និងប្រជាពលរដ្ឋមិនទាន់ឯកភាពគ្នានៅឡើយទេ។ លោក បានស្នើសុំឲ្យក្រុមការងារតំណាងការិយាល័យ CAO បន្ដជួយសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងមួយ រវាងភាគីទាំងពីរ ដោយឈរលើដំណោះស្រាយ តាមយុទ្ធសាស្រ្ដឈ្នះ ឈ្នះ។

បន្ថែមពីនោះ លោកបានបញ្ជាក់ថា ផ្ទៃដីដែលកាត់ចេញនេះ គឺមិនអនុញ្ញាតឲ្យយកទៅលក់ ឬបែងចែកជាកម្មសិទ្ធ ឯកជនឡើយ គឺសម្រាប់តែបងប្អូនប្រជាពលរដ្ឋទាំង១២ភូមិ ប្រើប្រាស់ជាសមូហភាពអាស្រ័យផលជាក់ស្ដែង តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះ៕