(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅ១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥.៦៥ភាគរយ សិស្សជាប់និទ្ទេស A ចំនួន១ ៧៥៣នាក់។ នេះបើសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះឈ្មោះ ក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ២ ០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។

ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមានឧបទ្ទវហេតុអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ការប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់,ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕

=> ចុចទីនេះដើម្បីមើលតារាងលទ្ធផលប្រឡង សម្រាប់មណ្ឌលរាជធានីភ្នំពេញ៖

https://www.facebook.com/moeys.gov.kh/posts/5521782944514941

=> ចុចទីនេះដើម្បីមើលតារាងលទ្ធផលប្រឡង សម្រាប់មណ្ឌលខេត្តកណ្តាល៖

https://www.facebook.com/moeys.gov.kh/posts/5521652351194667