(បាងកក, ប្រទេសថៃ)៖ ក្រុមវង់តន្ត្រី និងតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៉ីតាលី Andrea Borcelli គ្រោងនឹងមកសម្តែងតន្ត្រីនៅខេត្តសៀមរាបអង្គរ នៅអំទ្បុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជាការរួមចំណែកដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់កម្ពុជា។

ការប្រគុំតន្ត្រីនេះរៀបចំដោយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក សុខ សុក្រឹត្យា បានថ្លែងឲ្យដឹងថា កាលពីថ្មីៗនេះលោកបានទៅសិក្សាស្វែងយល់អំពីការអភិវឌ្ឍន៍វិសយ័ទេសចរណ៍នៅខេត្តភូកេតប្រទេសថៃ ហើយក៏មានឱកាសជួបពិភាក្សាការងារជាមួយក្រុមវង់តន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៉ីតាលី Andrea Borcelli។

លោក សុខ សុក្រឹត្យា បានបញ្ជាក់ និងជម្រាបជូនអំពីស្ថានភាពកូវីដ១៩ នៅកម្ពុជា និងភាពជោគជ័យនៃការយកឈ្នះលេីជំងឺកូវិដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហេីយលោក ក៏បានបង្ហាញអំពីសក្តានុពលដែលមិនរីងស្ងួតនៃវិស័យទេសចរណ៌វប្បធម៌និងធម្មជាតិរបស់ប្រទេសកម្ពុជាដល់ក្រុមតន្ត្រី Adrea Borcelli ផងដែរ។

លោករដ្ឋលេខាធិការបានឲ្យដឹងថា ដើម្បីផ្សព្វផ្សាយ និងជាគោលដៅអូសទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ លោក ក៏បានស្នើ និងអញ្ជើញក្រុមតន្ត្រីដ៏ល្បីល្បាញលើសកលលោកមួយនេះមកសម្តែងនៅខេត្តសៀមរាបនៅខែមេសាខាងមុខ ហើយក៏ទទួលបាននូវការយល់ព្រមពីអ្នកដឹកនាំវង់តន្ត្រីដ៏ល្បីនេះផងដែរ។

លោក សុខ សុក្រឹត្យា ចាត់ទុកការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រី Adrea Borcelli នៅខេត្តសៀមរាបនាពេលខាងមុខ គឺជាព្រឹត្តិការណ៏ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់មាននាពេលកន្លងទៅសម្រាប់ប្រទេសកម្ពុជា។

លោកបន្តថា នេះក៏ជាជោគជយ័មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នោះ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីជួយជំរុញ និងលើកកម្ពស់វិសយ៏ទេសចរណ៌ទ្បើងវិញនៅក្នុងនិងក្រោយវិបត្តិកូវីដ១៩។

លោករំពឹងថាផ្តើមចេញពីព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជានឹងទទួលបានមកវីញនូវភ្ញៀវទេសចរ អន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុនប្រកបដោយសក្តានុពលនៅជុំវិញពិភពលោកមកស្គាល់ និងស្វែងយល់ការពិតជាក់ស្តែងបន្ថែមទៀតអំពីសក្តាវិនិយោគនៅប្រទេសកម្ពុជា។ ទន្ទឹមនោះព្រឹត្តិការណ៏នេះនឹងជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅសុវត្ថិភាព សុខសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិន និងជាផ្នែកមួយក្នុងការរៀបចំកំណែទំរង់សុីជំរៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។

លោក សុខ សុក្រឹត្យា បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ និងអ្វីជាលទ្ធផលវិជ្ជមានដែលទទួលបានពីព្រឹត្តិការណ៍នៃការប្រគុំតន្ត្រីខ្នាតអន្តរជាតិខាងលើនេះ នឹងមានលទ្ធភាពនាំមកនូវព្រឹត្តិការណ៏ធំៗខ្នាតអន្តរជាតិដូចគ្នានេះ ឬក៏ធំជាងនេះមកកម្ពុជាជាបន្តបន្ទាប់ទៀត។

លោកបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយះព្រឹត្តិការណ៍នេះ មោទនភាពជាតិខ្មែរ កម្ពុជាជាប្រទេសអច្ឆរិយ និងមានប្រវត្តិដ៏ល្បីល្បាញ និងយូរលង់មកហើយនោះ នឹងត្រូវគេស្គាល់ក្នុងក្របខណ្ឌពិភពលោកមួយកម្រិតទៀត ហើយអ្វីដែលសំខាន់នោះអន្តរជាតិនឹងបានស្គាល់កម្ពុជាជាប្រទេសប្រជាធិបតេយ្យ មាននិតិរដ្ឋពិតប្រាកដ និងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា ក្រុមតន្ត្រី Andrea Borcelli គឺជាក្រុមតន្ត្រីដ៏ល្បីល្បាញខ្នាតអន្តរជាតិរបស់ប្រទេសអ៉ីតាលី ខណៈដែលតារាចម្រៀង Andrea Borcelli ដែលជាជនពិកាកើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ក្នុងត្រកូលកសិករនៃប្រទេសអ៉ីតាលី។

បទចម្រៀងរបស់ Anrea Borcelli ដែលល្បីល្បាញបំផុតក្នុងឆ្នាំ១៩៩៩ គឺបទ "The Prayer" ដែលច្រៀងរួមគ្នាជាមួយ Celine Dion ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់ចម្រៀងដើមល្អបំផុត។ គាត់គឺជាតារាចម្រៀងដែលត្រូវពិការភ្នែកតាំងពីអាយុ ១២ឆ្នាំដោយឧបទ្ទវហេតុ។ យ៉ាងណាក៏ដោយគាត់បានសាងភាពល្បីល្បាញជាបន្តបន្ទាប់រហូតមានឈ្មោះបោះសម្លេងហើយល្បីទូទាំងពិភពលោកតែម្តង៕