(ភ្នំពេញ)៖ កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហ៊ានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកបំប្លែងខ្លួនថ្មី «អូមីក្រុង»។

ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង២.៣លានដូស។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអញ្ជើញចុះពិនិត្យដំណើរការចាក់ដូសទី៤នេះ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន)។ ក្នុងនោះ ក៏មានការចូលរួមពីលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកផងដែរ។

ថ្លែងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានអះអាងថា ដោយមានការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃនេះសម្ដេចបានកំណត់ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនក្រុមបុគ្គលអាទិភាព មានមន្ដ្រីរាជការស៉ីវិល ក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មានជាដើម។ ទីតាំងដែលបើកដំណើរការនៅរាជធានីភ្នំពេញ គឺមាននៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី), មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន)។

បើតាមលោកស្រី ឱ វណ្ណឌីន ដំណើរការចាក់វ៉ាក់សាំងដូសទី៤នេះ គឺធ្វើឡើងដំបូងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ខណៈបណ្ដាខេត្តផ្សេងទៀត នឹងចាប់ផ្ដើមជាបន្ដបន្ទាប់ នៅពេលមានបរិក្ខាត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងនេះគ្រប់គ្រាន។

មន្ដ្រីជំនាញទទួលបន្ទុកការងារវ៉ាក់សាំងរូបនេះ បានអះអាងថា វ៉ាក់សាំងប្រភេទ Pfizer នេះទាមទារសីតុណ្ហភាពត្រជាក់ខ្លាំងណាស់ទើបអាចរក្សាទុកបាន ពោលរហូត -៨០អង្សាសេ ដូច្នេះនៅពេលនេះមិនទាន់អាចបញ្ជូនទៅតាមបណ្ដាខេត្តបាននោះទេ។ លោកស្រីថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ បើមិនមានអ្វីប្រែប្រួលទេនោះ បរិក្ខាត្រជាក់នឹងមកដល់កម្ពុជា ហើយនឹងបែងចែកទៅតាមបណ្ដាខេត្ត ដើម្បីសម្រាប់រក្សាទុកវ៉ាក់សាំងប្រភេទនេះ។

បើទោះបីដើរដល់ជំហ៊ានបន្ទាប់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក៏ដោយនោះ ប៉ុន្ដែដំណើរការចាក់ដូសទី៣ ឬដូសជំរុញ ក៏កំពុងតែបន្ដសកម្មភាពដដែលនៅទូទាំងប្រទេស ដូច្នេះប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ អាចទៅចាក់បាននៅមូលដ្ឋានសុខាភិបាលដែលនៅក្បែរផ្ទះរបស់ពួកគាត់។ នេះបើតាមអ្វីដែល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់។

ដោយឡែក សម្រាប់អ្នកដែលមិនទាន់បានចាក់គ្រប់ដូសមូលដ្ឋាន លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ឃើញថា នៅមានចំនួនតិចតួចប៉ុណ្ណោះ ក៏ព្រោះតែពួកគាត់ហាក់នៅភាពមិនច្បាស់លាស់ក្នុងការសម្រេចចិត្ត ដោយសារតែមានជំងឺប្រចាំកាយជាដើម ប៉ុន្ដែលោកស្រីថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលត្រូវឲ្យបុគ្គលម្នាក់ៗ ចាក់ឲ្យបានគ្រប់ចំនួន ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងរាងកាយ។

ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ត្រូវប្រញាប់មកចាក់ឲ្យបានគ្រប់ៗគ្នា ហើយអ្នកដែលត្រូវដល់ពេលចាក់ដូសជំរុញ ក៏ត្រូវមកចាក់ដូចគ្នាផងដែរ ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតជាអាចការពារបុគ្គលម្នាក់ៗ ពីការស្លាប់ដោយសារជំងឺកូវីដ១៩ និងកាត់បន្ថយការសម្រាកពេទ្យនៅពេលឆ្លងជំងឹដ៏កាចសាហាវមួយនេះ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក៏បានចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ១៩ រួចរាល់ហើយនៅភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ។

ជាមួយនឹងការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង។

គិតត្រឹមយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣០១,៥៣២នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៧២,១៧០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៣,៧៥៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០០២,៥៣០នាក់
៤៖ អាយុ៥ឆ្នាំ ៣១៣,០៧៤នាក់

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕