(ព្រះសីហនុ)៖ សំបុកក្រុមចោរកាប់ប្លន់ម៉ូតូ និងធាក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ចំនួន៥នាក់ ក្នុងចំណោមបក្ខពួកសរុប៩នាក់។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ធ្លាប់ធ្វើសកម្មភាពនៅខេត្តព្រះសីហនុ, រាជធានីភ្នំពេញ និងខេត្តកំពត សរុប១៩លើក។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះថា ក្រុមជនសង្ស័យទាំងអស់នេះ ធ្លាប់ធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ, កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សកម្មភាពចុងក្រោយនៅវេលាម៉ោង៨៖៣០នាទីយប់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួលរួចប្រើដាវ, កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ) មួយបានកើតឡើង។

ក្នុងនោះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា០៥នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ដោយបុរសជាអ្នកបើកម៉ូតូ រីឯនារីជាសង្សារជិះពីក្រោយបណ្តាលឲ្យដួលរងរបួស បន្ទាប់មកក្រុមជនសង្ស័យបានប្រើដាវ, កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយទៅលើជនរងគ្រោះបន្ថែមទៀត ប្លន់យកម៉ូតូ១គ្រឿង ព្រមទាំងប្លន់យកកាបូបស្ពាយចំហៀងមួយ មានទូរស័ព្ទដៃ២គ្រឿង និងសម្ភារមួយចំនួនទៀត។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យជនរងគ្រោះរងរបួស ទី១៖ ឈ្មោះ តាត់ ភត្រ្តា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ រងរបួសដាច់រលាត់ម្រាមដៃខាងឆ្វេង និងជង្គុង និងទី២៖ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅភូមិ២ សង្កាត់៣ ក្រុងតព្រះសីហនុ រងរបួសច្រមុះ, មាត់, រលាត់ដៃខាងឆ្វេង និងរលាត់ជើងត្រងចង្គុងខាងឆ្វេង។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ។

រហូតដល់វេលាម៉ោង០៩៖១៥នាទីយប់ ទើបធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់ នៅចំណុចផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រីឯជនសង្ស័យម្នាក់ទៀត បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់។ កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង៣៖២០នាទីទៀបភ្លឺ ឈាងចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ធ្វេីការចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបានម្នាក់ទៀត។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន០៥នាក់ រីឯជនសង្ស័យដែលរត់គេចខ្លួន និងបក្ខពួករបស់ជនសង្ស័យមួយចំនួនទៀត កម្លាំងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន។

ជនសង្ស័យទាំង០៥នាក់ រួមមាន៖ ទី១៖ឈ្មោះ ហុក ចិត្រា អាយុ១៦ឆ្នាំ, ទី២៖ឈ្មោះ ព្រំ ឈៀងសៀវថង អាយុ១៦ឆ្នាំ, ទី៣៖ឈ្មោះ ហន ប៊ុនថុង អាយុ១៥ឆ្នាំ, ទី៤៖ឈ្មោះ យ៉ាង វាសនា និងទី៥៖ឈ្មោះ អំ ពេជ ហៅពេជ្រ អាយុ១៨ឆ្នាំ។

វត្ថុតាងចាប់យកបាន កាំប៉ិតបុ័ងតោ១ដើម (ឧបករណ៍ធ្វើសកម្មភាព), កាបូបស្ពាយចំហៀងមួយ (ផលនៃអំពើប្លន់), កាបូបលុយតូចវែងមួយ មានកាតផ្សេងៗមួយចំនួន (ផលនៃអំពើប្លន់), ទូរស័ព្ទដៃ១គ្រឿង ម៉ាក Iphone11 pro (ផលនៃអំពើប្លន់) និងម៉ូតូចំនួន០៥គ្រឿង ក្នុងនោះ២គ្រឿងជាផលនៃអំពើប្លន់។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ក្រុមបក្ខពួកខ្លួនដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ, កាំប៉ិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ សរុបមានគ្នាចំនួន០៩នាក់ ដោយបច្ចុប្បន្នត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន០៥នាក់។

ពួកគេបានសារភាពទៀតថា ធ្លាប់ធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ចំនួន៨ករណី, នៅខេត្តកំពត ចំនួន៥ករណី និងនៅរាជធានីភ្នំពេញ ចំនួន៦ករណី ខណៈនៅខេត្តតាកែវ មានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែក បក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួន កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន៕