(ព្រះវិហារ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបចំសន្និបាតគណបក្សរបស់ខ្លួន ដោយផ្តោតសំខាន់ការជ្រោងខ្ពស់ការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យបានរឹងមាំស្ថិតស្ថេរ និងខិតខំប្រឹងប្រែងបំផុសចលនា ឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

សន្និបាតគណៈកម្មាធិការគណបក្សឃុំជាំក្សាន្ត បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជាំក្សាន្ត ដោយមានការចូលរួមពីលោក ជូ តុងអាន ប្រធានក្រុមការងារគណបក្សចុះជួយឃុំជាំក្សាន្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្ស សមាជិក សមាជិការ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោក ស្រី ឌឹក បានថ្លែងអរគុណដល់លោក លោកស្រី សមាជិក សមាជិកា បក្សឃុំជាំក្សាន្តទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តបាននូវតួនាទី ភារកិច្ច ស្របតាមគោលការណ៍គណបក្សបានយ៉ាងល្អ ពិសេសបានចូលរួមចំណែកអភិវឌ្ឍន៍ឃុំជាំក្សាន្ត ឱ្យមានការរីកចម្រើនទទួលបានការគាំទ្រប្រជាពលរដ្ឋ។

លោក ស្រី ឌឹក បានគូសបញ្ជាក់ថា៖ «សន្និបាតនាពេលនេះមានសារះសំខាន់ណាស់ ដោយបានធ្វើការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ និងផែនការបន្តអាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ»។

ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខភាព ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំជាំក្សាន្ត ក្នុងអាណត្តិទី៥ នេះផងដែរ លោកក៏បានណែនាំដល់បេក្ខភាពដែលឈរឈ្មោះទាំងអស់ ត្រូវសាងនូវអំពើល្អដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕